ទំនិញកម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសចំនួន១៧៧, ទំនិញនាំចេញមានទឹកប្រាក់កើនឡើងជិត ៣៥ពាន់លានដុល្លារអាមេរិក
(ភ្នំពេញ)៖ ទំនិញរបស់កម្ពុជា ត្រូវបានពង្រីកទៅកាន់ទីផ្សារពិភពលោកកើនដល់ចំនួន១៧៧ប្រទេសហើយ ខណៈទំហំទឹកប្រាក់នៃការនាំចេញបន្តមានកំណើនដែរ បើទោះបីពិភពលោកពើបប្រទះនឹងវិបត្តិជាច្រើនយ៉ាងណាក្តី។ មកដល់ពេលបច្ចុប្បន្នទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកមានរហូតដល់ជិត ៣៥ពាន់លានដុល្លារ កើនជាង ១៨ភាគរយ។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានលើកយកមកពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។
ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី និងជំរុញការនាំចេញ។
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីសកម្ម និងបុរសកម្មលើការងារ អាទិភាពសំខាន់ៗ ដូចជាការបន្តកែទម្រង់និងលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ធ្វើសាមញ្ញកម្ម និងឌីជីថលូបនីយកម្ម សេវាសាធារណៈ ជំរុញ និងពិពិធកម្មទីផ្សារនាំចេញ លើកកម្ពស់បរិយាកាសធុរកិច្ច និងអភិបាលកិច្ចវិស័យឯកជន ដោយផ្អែកលើគោលការណ៍ស្មើសិទ្ធិ ស្មើភាព តម្លាភាព និងសុចរិតភាព អភិវឌ្ឍវិស័យឯកជន និងទីផ្សារ និងបង្កើនភាពប្រកួតប្រជែង ជំរុញពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើសមាហរណកម្ម ពាណិជ្ជកម្មទៅក្នុងតំបន់និងពិភពលោក ឱ្យស្របតាមកាលានុវត្តភាព និងតម្រូវការទីផ្សារក្នុងស្រុកនិងអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានកំណើនជាលំដាប់ពី ២២ ៥៣២លានដុល្លារអាម៉េរិក ទៅ ២៥ ៧៣៩លានដុល្លារអាម៉េរិក ស្មើនឹង ១៤,២៣ភាគរយ ទៅ ២៩ ៦១៧លានដុល្លារអាម៉េរិក ស្មើនឹង ១៥,០៧ភាគរយ និងថ្មីៗនេះ បានកើនឡើងរហូតដល់ ៣៤ ៩៦០លានដុល្លារអាម៉េរិក ស្មើនឹង ១៨,០៤ភាគរយ ទោះបីជាក្នុងបរិបទពិភពលោក និងតំបន់ កំពុងប្រែប្រួលដ៏ស្មុគស្មាញ ភាពតានតឹង ភូមិសាស្ត្រនយោបាយ សង្គ្រាមនៅតាមតំបន់នានា ការប្រែប្រួលនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក វិបត្តិថាមពល ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុក៏ដោយ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា ការជំរុញការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយកម្ពុជា បានបន្តធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល តាមរយៈការពង្រឹងទីផ្សារចាស់-ពង្រីកទីផ្សារថ្មី និងការនាំចេញបានកើនឡើងរហូតដល់ ១៧៧ប្រទេស និងបានកំពុងរៀបចំនីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួល ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយមិនប្រើក្រដាសស្នាមក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របទៅតាមអាទិភាពទី៥ មុំទី៣ នៃបញ្ចកោណទី២។
ការនាំចេញទៅទីផ្សារដៃគូសំខាន់ៗខាងលើនេះ បានជួយបង្កើនតម្លៃបន្ថែមលើ ផលិតផលកសិកម្ម និងការពង្រីកឧស្សាហកម្មគាំទ្រក្នុងស្រុក តាមរយៈការទាញយកអត្ថប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតជញ្ជីងពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃ ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការផលិតផលផលិតនៅកម្ពុជា (Made In Cambodia) ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃ បន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក៕






