ស្ពានសម្តេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង ត្រូវផ្អាកយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន
មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមរយៈសេចក្តីជូនដំណឹង ពីមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និង ភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ ដែលអាចកើតមានជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវស្ពានទូទាំងខេត្ត រងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងនោះដែរ ដើម្បីការពារសុវត្ថិភាពការធ្វើដំណើរជូនប្រជាពលរដ្ឋ និង បញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេច ក្រឡាហោម ស ខេង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។






