ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជា ​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៦ បានជួបសំណេះសំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ ក្នុងជំនួបនេះ ឯកឧត្តម បានលើកឡើង ដោយក្តីដឹងគុណថា កម្ពុជាមានដូចសព្វថ្ងៃ គឺជាកា​រ​ចូល​រួម​បំពេញ​ការងា​ររ​បស់មន្ត្រីរាជការជំនាន់មុនគ្រប់រូប ដែល បានលះបង់ពេលវេលាជាច្រើនឆ្នាំ រួម​ចំណែក​កសាង​ជាតិ​។
នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ នេះជាជំនួបសំណេះសំណាល សួរសុខទុក្ខ និង​សម្តែងការដឹងគុណ ដែលរៀបចំ ឡើងជាប្រចាំឆ្នាំ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែ ត ក៏ដូចជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំមន្ត្រីរាជការជំនាន់មុន កសាងសង្គមជាតិ តាំងពីបាទដៃទទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងនាមជាមន្ត្រីរាជការមួយរូប នា​ពេល​បច្ចុប្បន្ន​ថា ”ដំណើរ ការកម្ពុជាមកដល់ពេលបច្ចុប្បន្ន មិនមែនជប់ចេញទេ ចេញមកពីការ​លះបង់​។ ​ហើយសារ របស់សម្តេចតេជោ ដែលបានបញ្ជាក់ តួអង្គរបស់សម្តេចជារឿងមួយ បុន្តែបើ​មិន​មាន​ថ្នាក់​ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ប្រជាជនខ្មែររួបរួ​ម​គ្នាជឿ​ទុក​ចិត្ត​លើ​សម្តេច ហើយទោះជួបបញ្ហានានា ដូចជាកូវីដ-១៩ យើងនៅជាមួយគ្នា មិនបែកបាក់ យើង​រួប​រួម​គ្នាឆ្ពោះទៅមុខបន្តទៀត។ ហើយអ្វីដែល អ៊ុំប្រុស អ៊ុំស្រី ពូ មីង (និវត្តជន) ចូលរួមចំណែក ក្នុង​ការ​កសាងកម្ពុជា ជំហានមួយទៅជំហានមួយមកដល់កម្ពុជាបច្ចុប្បន្ន អ្នកជំនាន់​ក្រោយ​មិន​បាន​ភ្លេច ហើយបេសកកម្ម ដែលអ្នកជំនាន់មុនបានដឹកមកដល់ពេលបច្ចុប្បន្ន គឺជា​ភាព​ទទួល​ខុស​ត្រូវ និងបេសកកម្មរបស់អ្នក ជំនាន់ក្រោយត្រូវបន្ត។”
ក្នុងពិធីជួបសំណេះសំណាលនេះដែរ និវត្តជន បានបង្ហាញស្នាមញញឹម ជជែកគ្នា សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅមក។ ពួកគាត់ម្នាក់ៗ ពេញចិត្តដែលមានការរៀបចំ ការជួបជុំនិវត្ត​ជន​ជា​ប្រចាំ​ឆ្នាំ​ដូច​នេះ​។ ​ការក្លាយជានិវត្តជន ពុំ មែនមានន័យថា ពួកគាត់ត្រូវរស់នៅដាច់ដោយឡែកនោះទេ។ ពួក​គាត់បញ្ជាក់ថា រាជរដ្ឋាភិបាល បន្តយកចិត្ត ទុកដាក់លើពួកគាត់ ទាំងការ​ផ្តល់​ប្រាក់​ចូល​និវត្ត​ជា​ប្រចាំ​ខែ ​ក៏ដូចជាការយកចិត្តទុកដាក់ទទួលខុសត្រូវលើការថែទាំ សុខភាព តាមរយៈបណ្ណ ប.ស.ស ​។
រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ដល់និវត្តជនគ្រប់រូប។ ថ្នាក់ដឹកនាំ ចាប់​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូល​ដ្ឋានតែងចុះសួរសុខទុក្ខ។ លើសពីការសាកសួរសុខទុក្ខ គឺជាការផ្តល់ប្រាក់​ចូល​និវត្ត​ជា​ប្រចាំ​ខែ​ទៀតទាត់ សម្រាប់មន្ត្រីចូលនិវត្តគ្រប់រូប។ ភ្ជាប់គ្នានេះដែរ គឺរាជរដ្ឋាភិបាល នៅតែ​បន្ត​រ៉ាប់​រង​ការ​ថែ​ទាំសុខភាព ការព្យាបាលដោយមិនគិតថ្លៃសម្រាប់និវត្តជនគ្រប់រូប៕

You might also like