គ្រោះទឹកជំនន់ ៖ ប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសាររងការប៉ះពាល់ និងជម្លៀសទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ
ភ្នំពេញ៖ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ និងប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ ដោយក្នុងនោះជម្លៀសទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ និងប៉ះពាល់ដល់ស្រូវជាង ៧ម៉ឺនហិកតា។ ក្នុងចំណោមខេត្តទាំ១០ គឺមានខេត្តចំនួន ៣ ដែលរងផលប៉ះពាល់ច្រើនជាងគេមានដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ ថា ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺខេត្តដែលប៉ះពាល់មានចំនួន ១០ខេត្ត រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្មើនឹង ៥៣ក្រុង-ស្រុក។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៥៧,៩៨០ គ្រួសារ និងផ្ទះប៉ះពាល់ចំនួន ៥១,៨៧៤ ខ្នង , គ្រួសារជម្លៀសចំនួន ៤,៨១៩ គ្រួសារ និងស្រូវប៉ះពាល់ចំនួន ៧២,៤៤០ ហិកតា។
អ្នកនាំពាក្យបានបញ្ជាក់ថា ខេត្តដែលរងផលប៉ះពាល់ច្រើនជាងគេរួមមាន៖ ខេត្តបាត់ដំបង គ្រួសារប៉ះពាល់មានចំនួន ៣២,៤៤៧គ្រួសារ, គ្រួសារជម្លៀស ១,៤៨៧ គ្រួសារ, ស្រូវប៉ះពាល់ ៤៧,២៥០ ហិកតា។ ខេត្តបន្ទាយមានជ័យ គ្រួសារប៉ះពាល់ចំនួន ៣,២១៤គ្រួសារ គ្រួសារជម្លៀស ១,៤៨១ គ្រួសារ, ស្រូវប៉ះពាល់ ១២,០១៨ ហិកតា និងខេត្តសៀមរាប គ្រួសារប៉ះពាល់មានចំនួន ១២,៣៣៣គ្រួសារ, គ្រួសារជម្លៀស ១៧៣ គ្រួសារ, ស្រូវប៉ះពាល់ ៤,៨៦២ ហិកតា។
ឯកឧត្តម សុទ្ធ គឹមកុលមុនី បានបន្តថា ចំពោះស្ថានភាពទឹកនៅទន្លេមេគង្គភាគច្រើននៅតាមស្ថានីយ៍ខេត្តនិមួយៗ មាននិន្នការស្រកចុះមិនមានបញ្ហាទៀតទេ។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ មកដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ទឹកចាប់ផ្តើមស្រកហើយ ដោយនៅផ្នែកខាងលើទឹកក៏ស្រកមកប្រក្រតីវិញ។ តាមដងស្ទឹងសង្កែទឹកក៏ចាប់ផ្តើមស្រកបណ្តើរហើយៗ បើនៅល្ងាចនេះស្រកបន្តទៀតទឹកដែលលិចក្នុងក្រុងអាចចូលទៅក្នុងស្ទឹងវិញ។ ហើយបើអត់មានភ្លៀងស្ទឹងសង្កែអាចផុតពីទឹកជំនន់៕






