សម្តេចធិបតី សម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចបន្ថែមប្រាក់ចំនួន ២ ដុល្លារអាមេរិក លើតួលេខ ២១០ ដុល្លារ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ការសម្រេចនេះ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ក្នុងចំនួន ២១២ ដុល្លារអាមេរិក។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការពិភាក្សាពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
បន្ថែមពីលើការដំឡើងប្រាក់ឈ្នួលគោលនេះ សម្តេចធិបតីក៏បានឯកភាពរក្សា «ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ» ចំនួន ២,៥ ដុល្លារអាមេរិក ក្នុងមួយខែ ឱ្យអនុវត្តបន្តនៅឆ្នាំ២០២៧ ផងដែរ។
ផ្អែកលើការសម្រេចនេះ ប្រាក់ឈ្នួលគោលដែលកម្មករនិយោជិតក្នុងវិស័យខាងលើនឹងទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពី ២៣១,៥ ដុល្លារ ដល់ ២៤២,៥ ដុល្លារអាមេរិក ក្នុងមួយខែ (រួមបញ្ចូលទាំងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ)។
ក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំពិភាក្សាគ្នាដោយវិជ្ជាជីវៈ ដោយថ្លឹងថ្លែងរវាងជីវភាពរស់នៅរបស់កម្មករ ភាពប្រកួតប្រជែងរបស់ជាតិ និងលទ្ធភាពក្នុងការបង្កើតការងារថ្មីសម្រាប់យុវជន។
សម្តេចបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញវិធានការនានា ដើម្បីរក្សាលំនឹងជីវភាពរបស់កម្មករនិយោជិត ព្រមទាំងខិតខំកែលម្អបរិយាកាសវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម។
មុននឹងបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជូនពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះ៕








