ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង

(ពោធិ៍សាត់)៖ សមិទ្ធផលដ៏វិសេសវិសាលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀត របស់កម្ពុជា​តភ្ជាប់តំបន់ភ្នំភាគពាយ័ព្យប្រទេស ទៅកាន់តំបន់សមុទ្រភាគនិរតី ពោល​គឺ​ផ្លូវជាតិលេខ​១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រូវបានរៀបចំសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធដែលរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយក្តីរីករាយនាំព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានវិលត្រឡប់មកស្រុកវាលវែងជាថ្មី ដើម្បីសម្ពោធសមិទ្ធផលផ្លូវជាតិលេខ១០ ដែលជាផ្លូវដ៏មានឧត្តមប្រយោជន៍ ខណៈកាលពីជាងមួយឆ្នាំមុន សម្តេចបានអញ្ជើញសម្ពោធអគារសិក្សានៅវិទ្យាប្រមោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា តំបន់ស្រុកវាលវែង ជាអតីតតំបន់សង្គ្រាម តែក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បានប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាមក្លាយទៅជាតំបន់អភិវឌ្ឍ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ១០ គឺជាការគិតគូ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។

* សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាជន និង រដ្ឋាភិបាលចិន ដែលបានជួយសាងសង់ផ្លូវជាតិលេខ១០នេះ និង ជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំចិន ដែលបានសន្យា​បន្តផ្តល់ជំនួយឥត​សំណង និងឥណទានសម្បទានដល់កម្ពុជា ព្រមទាំងលើកកម្ពស់​ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា ជាពិសេសជំរុញការ​បន្ស៊ីគ្នារវាង «គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង ផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» សំដៅគាំទ្រដល់ «កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ» ព្រមទាំងពង្រឹងភាពជាដៃគូ និង​កិច្ចសហ​ប្រតិ​បត្តិ​ការល្អ ដែលនឹងរួមចំណែក ដល់ការគាំទ្រ «កិច្ចសហប្រតិ​បត្តិការ​ត្បូង​ពេជ្រ​កម្ពុជា-​ចិន​» និង «ការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុង​យុគ​សម័យ​ថ្មី» ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់​ផល​ចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេល និងថ្លៃដឹកជញ្ជូន, ការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃ​ប្រទេសកម្ពុជា, ការជំរុញពាណិជ្ជកម្ម, ការអភិវឌ្ឍរបៀងទេសចរណ៍ និងការបង្កើត​កាលា​​នុវត្តភាព សេដ្ឋកិច្ចសម្រាប់សហគមន៍តាមបណ្ដោយផ្លូវ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងខ្សែផ្លូវជាតិលេខ​១០​នេះ កាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ ឬដឹកជញ្ជូនប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនគិត​ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង, ប្រមាណ ២៣០គីឡូម៉ែត្រ ប្រសិនគិតពីខេត្ត​ពោធិ៍​សាត់ ទៅខេត្តកោះកុង និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនគិតពីខេត្តប៉ៃលិន ទៅ​ខេត្ត​កោះកុង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវជាតិលេខ១០ ជាការតភ្ជាប់​តំបន់ភ្នំ ទៅតំបន់សមុទ្រ ពោលអ្នកខេត្តបាត់ដំបង ពោធិ៍សាត់ ចង់ទៅលេងសមុទ្រមិនចាំបាច់ធ្វើដំណើរទៅភ្នំពេញទៀតនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាមនៅតំបន់វាលវែង និងកសាងហេដ្ឋារចនាសម្ព័ន្ធមកកាន់ស្រុកវាលវែង គឺជាការផ្តល់ឱកាស ផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះការ​គិតគូរលើបរិស្ថាន ហើយជំរុញការទុកដាក់សំរាមបានល្អ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យយកខេត្តពោធិ៍សាត់ជាគំរូសម្រាប់ការគ្រប់គ្រង ទុកដាក់សំរាម និងសំអាតសំរាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរខេត្តពោធិ៍សាត់លើការរៀបចំបំពាក់ភ្លើងបំភ្លឺដងផ្លូវ ការដាំឈើលើទ្រូងផ្លូវ ដោយមានការថែទាំដុះបានល្អ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិនឹងគ្របដណ្តប់លើខេត្តចំនួន១៣ ជាមួយចម្ងាយប្រមាណ ១២០០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិលេខ១០ ជាខ្សែផ្លូវបើកច្រក​ដង្ហើម​សេដ្ឋកិច្ច ជាពិសេសការដឹកជញ្ជូនទំនិញទៅកាន់ផែទឹកជ្រៅ​របស់កម្ពុជា​នៅព្រះ​សីហនុ ឬនៅកោះកុង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនកំណាញ់រឿងផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដនោះទេ តែទន្ទឹមគ្នានោះ ក៏ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិរួម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់លោកស្រី សែម សុខគា ដែលអះអាងថា មានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ឱ្យចូលខ្លួនដោះស្រាយដោយភាពស្មោះត្រង់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រសួងបរិស្ថាន អនុវត្តគម្រោងដាំស្មៅយក្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវ​ជាតិ​លេខ១០ ជាជោគជ័យថ្មីមួយទៀត នៃយុទ្ធនាការពង្រីក​ប្រព័ន្ធដឹកជញ្ជូន និងពង្រឹង​ប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាល ឱ្យកាន់តែពេញ​លេញ និងឆ្លើយតបកាន់តែប្រសើរ​ទៅនឹងតម្រូវការជាក់ស្ដែង នៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈ ការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលរបស់កម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃតំបន់ និងសកល ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធភាពសេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតភ្ជាប់ប្រទាក់ក្រឡា​រវាង​ភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃ​ប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រ​វែង​ឆ្ងាយរបស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​ភូមិ​ភាគ​ពាយ័ព្យកម្ពុជា, ជាពិសេសខេត្ត​បាត់​ដំបង, ពោធិ៍សាត់ និង ប៉ៃលិន, ឱ្យក្លាយជា​តំបន់​ប្រកបដោយសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍស្របតាមទិសស្លោក «ផ្លូវបង្កើត​ក្តីសង្ឃឹម, ផ្លូវបង្កើតសកម្ម​ភាពសេដ្ឋ​កិច្ច និងឱកាសផ្សេងៗសម្រាប់ប្រជាជន» តាម​រយៈការទាក់ទាញវិនិយោគក្នុងវិស័យ ឧស្សាហកម្ម, កសិកម្ម, ទេសចរណ៍ និង ពាណិជ្ជ​កម្ម, កែលម្អសេដ្ឋកិច្ចមូលដ្ឋាន​ផ្អែក​លើ​កត្តទាយជ្ជទានដែលមានស្រាប់ និង បង្កើតការងារនៅតាមសហគមន៍ ជាពិសេស ការកាត់បន្ថយជាអតិបរមានូវការ​ធ្វើ​ចំណាកស្រុក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះខ្មែរមួយរូបទៅ​នៅ​អាមេរិក ហើយបង្ហោះ​រូបភាពស្ថាន​ភាពផ្លូវខូចនៅកម្ពុជា ទៅប្រៀបជាមួយផ្លូវនៅ​អាហ្វ្រិក។ សម្តេចមហាបវរធិបតី បានថ្លែងថា មានផ្លូវច្រើនណាស់ ដែលរាជរដ្ឋា​ភិបាល​បានធ្វើ ហេតុអ្វីមិនលើក ហើយលើកតែផ្លូវដែលមិនទាន់បានធ្វើ?

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវ ស្ពានច្រើនណាស់ ដែល​រាជ​រដ្ឋាភិបាលបានធ្វើ។ មិនត្រឹមផ្លូវជាតិនោះទេ ផ្លូវតាមឃុំមួយចំនួនក៏បានធ្វើបេតុងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំនប់វារីអគ្គិសនីស្ទឹង​ពោធិ៍​សាត់១ បានទប់ទឹកមិនឱ្យជន់លិចក្រុងពោធិ៍សាត់នៅឆ្នាំ២០២៦នេះ។ ទំនប់វារីអគ្គិសនីនេះ មិនមែនកើតឡើងដោយការជប់នោះទេ តែកើតចេញពីការគោលនយោបាយរបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជាមិន​ទាន់​មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នោះទេ។ សម្តេចមហាបវរធិបតី ថ្លែង​អំណរ​គុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ជួយ​សង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រោះទឹកជំនន់ជាឱកាស​ឱ្យ​កម្ពុជា​ដកពិសោធន៍ដោះស្រាយបញ្ហា ហើយអាចទាញយកទឹកទុកប្រើប្រាស់ពេល​មានការរាំងស្ងួត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សង្គ្រាមឈ្លានពាននៅទល់​ដែន ជាវេលាឱ្យកម្ពុជារៀនសូត្រពង្រឹងខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវ​បន្ត​ពង្រឹងសមត្ថភាពក្នុងការបើ ប្រាស់និយាមបច្ចេកទេសកម្រិតខ្ពស់ ដោយដកស្រង់​បទ​ពិសោធពីការស្ថាបនាផ្លូវជាតិលេខ១០នេះ សម្រាប់ការស្ថាបនាផ្លូវស្ពាន​នៅតាម​តំបន់​ដែលមានភូមិសាស្រ្តស្មុគស្មាញ់ ដូចជា តំបន់ជួរភ្នំ និងជ្រោះជ្រង, ជ្រលង, ដង​អូរ តាមរយៈការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់សម្រាប់ ពុះកាត់ភ្នំ និងបច្ចេកទេស​សាង​សង់​ស្ពានឆ្លងកាត់ជ្រោះជ្រៅ តភ្ជាប់ពីកំពូលភ្នំម្ខាងទៅម្ខាងទៀត, ព្រមទាំងបញ្ចៀស​ឱ្យ​បាន​ជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន សង្គម ដើម្បីធានាថាផ្លូវ​មាន​ស្តង់​ដាសុវត្ថិភាព គុណភាព និងសោភ័ណភាព សម្រាប់ទាំងការធ្វើចរាចរណ៍ប្រចាំ​ថ្ងៃ និងការដឹកទំនិញនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវ​បន្ត​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានបន្ថែមទៀត ដែលអាចតភ្ជាប់ប្រទាក់​ក្រឡាពីតំបន់ប្រមោយ ទៅតំបន់ដែលមានសក្តានុពលផ្សេងទៀត ក៏ដូចជាតភ្ជាប់​ប្រទាក់​ក្រឡារវាងប៉ូល សេដ្ឋកិច្ចសំខាន់ៗ និង តំបន់ឧស្សាហកម្ម, កសិកម្ម, ទេស​ចរណ៍ និងកំពង់ផែ សំដៅលើកកម្ពស់ប្រសិទ្ធភាព, ភាពប្រកួតប្រជែង ពិពិធភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ត​ជំរុញ​ការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម, តំបន់សេដ្ឋកិច្ចពិសេស និងឃ្លាំងស្តុក​ទំនិញ និងកសិផលបន្ថែមទៀត ដើម្បីលើកកម្ពស់សកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម តាម​រយៈការធ្វើសាមញ្ញកម្មនីតិវិធីធុរកិច្ច, ការលើកទឹក ចិត្តផ្នែកពន្ធ និងការប្រើប្រាស់​យន្ត​ការថែទាំវិនិយោគជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ​ការ​វិនិយោគលើវិស័យគាំទ្រដល់សេដ្ឋកិច្ច នៅតាមតំបន់សក្តានុពលថ្មីៗ តាមរយៈ ១). ការជំរុញ ផលិតកម្ម និង សហគ្រិនភាព ដោយ ត្រូវលើកទឹកចិត្តការបង្កើត សិប្បកម្ម និង សហគ្រាសធុនតូច និង មធ្យម, ២). ការអភិវឌ្ឍ ទេសចរណ៍ និង សហគមន៍ ដោយត្រូវពង្រីកវិស័យទេសចរណ៍ធម្មជាតិ, ទេសចរណ៍សហគមន៍ និង ទេសចរណ៍ប្រវត្តិសាស្ត្រ, និង ៣). ការលើកកម្ពស់សេវាពាណិជ្ជកម្ម ដោយត្រូវពង្រឹង គុណភាពសេវាកម្មបម្រើឱ្យវិស័យទេសចរណ៍, សណ្ឋាគារ, ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលអាជីវកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ពង្រឹងការ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ប្រកបដោយចីរភាព នៅតាមដងផ្លូវជាតិលេខ១០ និង តំបន់ដែលមានសក្ដានុពលអភិវឌ្ឍ រួមទាំង ការតភ្ជាប់បណ្តាញទឹកស្អាត់, អគ្គិសនី និងទូរគមនាគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបោះក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ។ ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី មានបង្កប់លក្ខណៈពិសេសដើម្បីផ្ទៀងផ្ទាត់។ ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីបំពេញទៅលើក្រដាសប្រាក់ចាស់ដែលកិនកម្ទេចចោល។ ពីខែឧសភា ដល់ខែកញ្ញា ធនាគារជាតិ កិនកម្ទេចក្រដាសប្រាក់ចាស់សរុប ៤៣៥លានសន្លឹក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានអ្នកបំភ័យប្រជាពលរដ្ឋឱ្យទៅដកលុយពីធនាគារ។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានអស់ប្រាក់ដូចការបំផុសក្នុងចេតនាអាក្រក់នោះទេ ហើយមន្ត្រីរាជការបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារាល់ខែ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យកងទ័ពដែលអត់​អាហារ​ដល់ថ្នាក់​ហូប​អំបិល​ជាមួយបាយ ផ្ញើព័ត៌មានទៅសម្តេចតាមហ្វេសប៊ុក។ សម្តេចបានបញ្ជាក់ថា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ណាស់លើកងទ័ព មិនឱ្យកងទ័ពអត់បាយនោះទេ !

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសម្តីលោក សម រង្ស៊ី ដែលបរិហារថាកងទ័ពខ្មែរគឺជាទង្វើក្បត់ជាតិធ្ងន់ធ្ងរណាស់ !

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មសម្តីលោក មួង ណារ៉េត រឿងលើកឡើងថា ថៃបាញ់កម្ទេចប្រាសាទដោយសារតែទ័ពខ្មែរធ្វើលេណដ្ឋានលើប្រាសាទ។ សម្តេចមហាបវរធិបតី ហៅសម្តីរបស់លោក មួង ណារ៉េត ជាទង្វើរបស់បុគ្គលនេះ «មិនវៀចត្រឹមមាត់នោះទេ តែវៀងរហូតដល់ចិត្ត»។ សម្តេចមហាបវរធិបតី បញ្ជាក់ថា កងទ័ពកម្ពុជា មិនបានធ្វើលេណដ្ឋានប្រយុទ្ធនៅប្រាសាទព្រះវិហារនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់បក្សនយោបាយ កុំធ្វើសកម្មភាពវាយបំបាក់ទឹកចិត្តកងទ័ព។

You might also like