ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលការយាងដំណើរទស្សនកិច្ចផ្លូវការរបស់ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (Tunku Puteri Intan Safinaz) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ម្ចាស់ក្សត្រីនៅ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើ៖ ១.ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា។ ២.ចែករំលែកបទពិសោធន៍៖ សិក្សា និងស្វែងយល់ពីវឌ្ឍនភាព នៃការងារសមាគមជាតិនីមួយៗ ព្រមទាំងការអនុវត្តសកម្មភាពនៅមូលដ្ឋាន ដើម្បីពង្រឹងភាពធន់ក្នុងសហគមន៍ ស្របតាមយុទ្ធសាស្ត្រសហព័ន្ធអន្តរជាតិ។
កម្មវិធីសំខាន់ៗក្នុងអំឡុងពេលទស្សនកិច្ច៖ ១. ជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ២. ជួបសម្តែងការគួរសមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ៣. យាងទស្សនកិច្ច និងជួបសំណេះសំណាលជាមួយអ្នកផ្ទុកមេរោគអេដស៍ នៅមន្ទីរពេទ្យបង្អែក សម្តេចឱ សម្តេចម៉ែ៕

You might also like