អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅអង្គការសហប្រជាជាតិ ដោយជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជា ជិត២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះ វិញ

«អ្នករាយការណ៍ពិសេស ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយស្ថាបនា និងដោយស្មោះត្រង់ ដើម្បីបន្ធូរបន្ថយភាពតានតឹង គោរព និងការពារសិទ្ធិមនុស្សរបស់មនុស្សគ្រប់រូបដែលរងផលប៉ះពាល់ពីជម្លោះ រួមទាំងសិទ្ធិរបស់អ្នកផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅផ្ទះដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចាត់វិធានការនានាដែលអាចជំរុញដំណោះស្រាយជម្លោះប្រកបដោយសន្តិភាព និងយូរអង្វែង»។

នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម Thom H. Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ដែលមាន១៧ទំព័រ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សខ្លះៗនៅក្នុងប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តមអ្នករាយការណ៍ពិសេស បានជំរុញឱ្យប្រទេសកម្ពុជា និងថៃ គោរពសិទ្ធិមនុស្ស ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមរបស់ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ឯកឧត្តមបានទទួលការធ្វើបទបង្ហាញពីមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមមានសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរដែនដី អភិបាលខេត្តបន្ទាយមានជ័យ ហើយឯកឧត្តមក៏បានទាក់ទងជាមួយរដ្ឋាភិបាលថៃពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះលើសិទ្ធិមនុស្សផងដែរ។

នៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសនោះផងដែរ បានបញ្ជាក់ថា៖ «បើទោះបីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ជំនួយជាសាច់ប្រាក់ ចែកចាយអាហារ និងកម្មវិធីជំនួយផ្សេងៗក្តី ប៉ុន្តែស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលបានផ្លាស់ទីលំនៅដោយបង្ខំចិត្តនៅតែមានភាពធ្ងន់ធ្ងរ។ មនុស្សជាច្រើនបានភៀសខ្លួនដោយយកតែសម្ភារៈដែលអាចដឹកតាមខ្លួន ឬតាមម៉ូតូបាន ដោយបន្សល់ទុកចោលនូវទ្រព្យសម្បត្តិ និងមធ្យោបាយប្រកបរបររកស៊ី ជាច្រើនទៀត»។

ឯកឧត្តម បានបន្តនៅក្នុងរបាយការណ៍ទៀតថា៖ «អ្នកដែលនៅតែបន្តផ្លាស់ទីលំនៅភាគច្រើនមកពីភូមិ ឬទីប្រជុំជនដែលស្ថិតនៅតាមព្រំដែនផ្ទាល់។ មនុស្សជាច្រើនពឹងផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ឬការងារនៅប្រទេសថៃសម្រាប់ជីវភាព ហើយមិនអាចរកការងារថ្មីបាន។ ប្រជាពលរដ្ឋនៅទីតាំងផ្លាស់ទីលំនៅបានប្រាប់ខ្ញុំថា ពួកគេកំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់អាហារ និងសម្លៀកបំពាក់សម្រាប់គ្រួសារ ហើយបារម្ភថានឹងមិនអាចបំពេញតម្រូវការក្នុងប៉ុន្មានខែខាងមុខ»។

អ្នករាយការណ៍ពិសេស បានបន្ថែមក្នុងរបាយការណ៍ទៀតថា៖ “គិតត្រឹមខែកញ្ញា មានប្រជាពលរដ្ឋកម្ពុជាជាង ១៨ ០០០នាក់ ត្រូវបានរាយការណ៍ថានៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ខ្ញុំក៏បានទៅពិនិត្យមើលទីតាំងស្នាក់នៅជំរំដ៏ធំមួយសម្រាប់អ្នកផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ ទីតាំងនេះមានមនុស្សស្នាក់នៅជាង ១៣ ០០០នាក់ នៅក្នុងផ្ទះចំនួន ៣ ៣០០ខ្នង ដែលសង់លើដីទំហំ២០គុណ៣០ម៉ែត្រ ដែលអាចប្រើប្រាស់សម្រាប់ដាំដំណាំខ្នាតតូច ឬធ្វើអាជីវកម្មតូចតាចបាន”។

លើសពីនេះ រូបភាពផ្កាយរណបដែលអាចរកបានជាសាធារណៈបង្ហាញពីការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងសំណង់ស៊ីវិលរាប់រយកន្លែង នៅក្នុងតំបន់ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃដោយខុសច្បាប់។

ឯកឧត្តម បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍ថា៖ «ច្បាប់មនុស្សធម៌អន្តរជាតិ បានកំណត់យ៉ាងច្បាស់ថា អ្នកដែលបានផ្លាស់ទីលំនៅមានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅពេលមូលហេតុដែលបណ្តាលឱ្យពួកគេចាកចេញលែងមានទៀត»។

សូមរម្លឹកផងដែរថា ឯកឧត្តម Thom H. Andrews បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៦កន្លងទៅ ហើយបានឃើញដោយផ្ទាល់ភ្នែក នូវផលប៉ះពាល់របស់ជម្លោះព្រំដែន ការដាក់ទូកុងតឺន័រ និងរាយបន្លាលួសនៅលើដែនអធិបតេយ្យកម្ពុជា ដែលបានរារាំងប្រជាពលរដ្ឋកម្ពុជា ត្រលប់ទៅផ្ទះរបស់ពួកគាត់វិញ។

គួរបញ្ជាក់ផងដែរថា មុនពេលចាកចេញពីកម្ពុជា ឯកឧត្តមអ្នករាយការណ៍ពិសេស បានធ្វើសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ច្បាស់ៗថា៖ “យោងតាមគោលការណ៍ច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិពេញលេញក្នុងការត្រឡប់ទៅកាន់លំនៅឋានដើមវិញ។ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ រវាងកម្ពុជា និងថៃ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅឋាន និងប្រកបមុខរបរចិញ្ចឹមជីវិត របស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំងឡើយ”។

You might also like