បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការ ពាក់ព័ន្ធបទលួច ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះម្នាក់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីករណីចោរកាត់សោចូលលួចម៉ូតូមួយគ្រឿង ម៉ាក Honda Zoomer-X និងសម្ភារៈមួយចំនួនរបស់ក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន។
ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
ទី១៖ ឈ្មោះ កែវ សីលា (វណ្ណា) អាយុ៤៣ឆ្នាំ (ជាមុខសញ្ញាចាស់)
ទី២៖ ឈ្មោះ សឿន សំណាង (ម៉ាប់) ភេទប្រុស អាយុ២៦ឆ្នាំ ដែលបានគេចខ្លួនពីលំនៅឋានស្រុកមោងឬស្សី ខេត្តបាត់ដំបង មកស្នាក់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាននៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពកាត់សោគាស់ទ្វារ ចូលលួចយកសម្ភារៈរបស់ក្រុមហ៊ុនខាងលើ និងលួចយកម៉ូតូចំនួន០១គ្រឿង នៅក្នុងក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន ហើយបានយកទៅលក់បន្តឱ្យបក្ខពួកនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ពន្លាតដែនសមត្ថកិច្ចធ្វើការឃាត់ខ្លួនបក្ខពួក ចំនួន០១នាក់ទៀត ឈ្មោះ សុភាព ភ័ត្រា (ត្រា,ទន់) ភេទប្រុស អាយុ៣៤ឆ្នាំ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង (របស់ជនរងគ្រោះ) និងបាននាំខ្លួនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី បានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ រកឃើញមានសារធាតុញៀនវិជ្ជមាន(+)។ ដោយឡែកជនសង្ស័យឈ្មោះ កែវ សីលា (វណ្ណា) ធ្លាប់បានជាប់ពន្ធនាគារនៅខេត្តបន្ទាយមានជ័យ ចំនួន០៣លើកមកហើយដែរ។
បើតាមលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី៕






