បុរសម្នាក់ បើកឡំប្រឺតាបុករថយន្តពីក្រោយ បណ្តាលឱ្យគាបជាប់ ស្លាប់យ៉ាងអាណោចអាធម្ម

កណ្តាល៖ បុរសម្នាក់បានគាបជាប់ស្លាប់នៅក្នុងឡំប្រឺតាយ៉ាងអាណោចអាធម្ម បន្ទាប់ពីចេញពីផ្ទះទៅដឹកឥវ៉ាន់ឱ្យជនជាតិចិន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ រថយន្តបានបន្តដំណើរបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានបើកឡំប្រឺតាមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលបើកមកដល់ចំណុចកើតហេតុ បុរសរងគ្រោះបានជ្រុលទៅបុកពីក្រោយរថយន្តធុនមួយគ្រឿង ដែលធ្វើដំណើរនៅខាងមុខយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរកង់បីគាបជាប់ និងស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបានបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយមក ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានឃើញហេតុការណ៍ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យ និងចាត់ការតាមនីតិវិធី។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែង និងយកម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងជាបណ្ដោះអាសន្ន ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តដែលបានបើកគេចខ្លួន សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមរក ដើម្បីឃាត់យកមកដោះស្រាយ និងចាត់ការតាមនីតិវិធីច្បាប់៕

You might also like