ប៉ូលិស FBI សហរដ្ឋអាមេរិកចាប់ខ្លួនស្ត្រីម្នាក់ពីបទធ្វើចារកម្មឱ្យចិន និងតាមដានកូនប្រុសរបស់មេដឹកនាំតៃវ៉ាន់

បរទេស៖ ប៉ូលិសអាមេរិក FBI បានឱ្យដឹងថាអាជ្ញាធរអាមេរិកបានឃាត់ខ្លួនស្ត្រីម្នាក់ក្នុងរដ្ឋ California នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ និងបានចោទប្រកាន់ស្ត្រីរូបនេះថាបានធ្វើចារកម្មលើកូនប្រុសរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te តាមការបង្គាប់បញ្ជាពីក្រុមមន្ត្រីចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។FBI​ បានឃាត់ខ្លួនស្ត្រីខាងលើមានឈ្មោះ Wanying Zhang ឬហៅក្រៅថា Heather នៅឯអាកាសយានដ្ឋាន Los Angeles ​International Airport កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) មុននឹងរូបនាងមានគម្រោងឡើងជិះយន្ដហោះចាកចេញឆ្ពោះទៅកាន់ប្រទេសចិន។ អាជ្ញាធរអាមេរិកបានចោទប្រកាន់ស្ត្រីឈ្មោះ Zhang មានអាយុ៣៤ឆ្នាំ រស់នៅក្នុងទីក្រុង Irvine រដ្ឋ California ពីបទធ្វើសកម្មភាពក្នុងនាមជាភ្នាក់ងារបរទេសម្នាក់ដែលមិនបានចុះបញ្ជីតាមច្បាប់កំណត់ដោយសហរដ្ឋអាមេរិក ព្រមទាំងស៊ើបការណ៍សម្ងាត់លើកូនប្រុសម្នាក់របស់លោក Lai Ching-te ឈ្មោះ Lai Ting-yu ដែលរស់នៅសហរដ្ឋអាមេរិក។គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌អាមេរិក ស្រ្តីឈ្មោះ Zhang បានធ្វើដំណើរទៅកាន់ទីក្រុង Seattle​ ក្នុងឆ្នាំ២០២៥ តាមការបង្គាប់បញ្ជាពីក្រុមមន្ត្រីចិន ហើយបានបញ្ជូនភ្លាមៗទៅឱ្យក្រុមមន្ត្រីចិន នូវរូបភាព វីដេអូ និងព័ត៌មានផ្លាកលេខរថយន្តរបស់កូនប្រុសមេដឹកនាំតៃវ៉ាន់ និងក្រុមគ្រួសាររបស់លោក។ ខាងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកភ្លាមៗមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ខណៈស្ត្រីឈ្មោះ Zhang នឹងបង្ហាញខ្លួនក្នុងតុលាការសហព័ន្ធនៅទីក្រុង Los Angeles នៅថ្ងៃចន្ទសប្ដាហ៍នេះ៕

You might also like