អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ស្រាយបំភ្លឺការភាន់ច្រឡំ ករណីឃាត់ខ្លួនមេខ្លោងជនជាតិថៃ និងបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញនៅក្រុងប៉ោយប៉ែត គឺជាវិធានការកាត់ផ្ដាច់ច្រវាក់ «អនឡាញស្កេម»
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ និងការយល់ឃើញខុសគ្នារបស់មហាជនព្រមទាំងបណ្តាញសារព័ត៌មានមួយចំនួនជុំវិញប្រតិបត្តិការបង្ក្រាបទីតាំងអគារកញ្ចក់កម្ពស់៣០ជាន់ នៅក្រុងប៉ោយប៉ែត លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមុខមកគូសបញ្ជាក់ និងកែតម្រូវការភាន់ច្រឡំរបស់សាធារណជន ដោយអះអាងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ គឺជាការបង្ក្រាបបទល្មើស «ល្បែងភ្នាល់ និងល្បែងស៊ីសងតាមអនឡាញ (Game Betting)» ស្មើសុំបញ្ឈប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនមែនជាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយផ្ទាល់នោះទេ។
លោកបណ្ឌិត ទូច សុឃៈ បានពន្យល់យ៉ាងលម្អិតថា ការបង្ក្រាបបោសសម្អាតអនឡាញស្កេមទ្រង់ទ្រាយធំៗ គឺកម្ពុជាបានទទួលជោគជ័យ និងបោសសម្អាតជាមូលដ្ឋានអស់រួចទៅហើយ ដោយបច្ចុប្បន្ននៅសេសសល់ត្រឹមតែចំណុចតូចតាចប៉ុណ្ណោះ ដែលសមត្ថកិច្ចកំពុងបន្តកៀរគរបង្ក្រាបជារៀងរាល់ថ្ងៃ។ ចំពោះករណីចុះបង្ក្រាបនៅអគារកញ្ចក់ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កន្លងមកនេះ គឺចំពេលដែលរាជរដ្ឋាភិបាលបានកំណត់ឱសានវាទដាក់ចេញនូវគោលការណ៍ឱ្យម្ចាស់អាជីវកម្មល្បែងស៊ីសងអនឡាញដែលមានអាជ្ញាប័ណ្ណ ត្រូវធ្វើការបិទបញ្ចប់ដោយស្ម័គ្រចិត្តឱ្យអស់ក្នុងអំឡុងខែកញ្ញា ខណៈចាប់ពីខែតុលាទៅ សមត្ថកិច្ចនឹងចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតលើទីតាំងណាដែលនៅបន្តលួចលាក់ដំណើរការ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការដាក់ចេញនូវគោលការណ៍បញ្ឈប់ល្បែងភ្នាល់ ល្បែងស៊ីសងតាមអនឡាញនេះ គឺជារបស់គន្លឹះមួយនៅក្នុងការកាត់ផ្ដាច់ច្រវាក់ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូចដែលសន្និសីទអន្តរជាតិដែលកន្លងទៅបានលើកជាប្រធានបទ គឺយើងទាំងអស់គ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់រូបភាពទាំងអស់។ អីចឹងហើយការបញ្ឈប់ការលេងល្បែងស៊ីសង ល្បែងភ្នាល់តាមអនឡាញ គឺ ជាការផ្ដាច់ច្រវាក់មួយទៀត ពីព្រោះគេបារម្ភខ្លាចថា ក្រុមទាំងនោះឆ្លៀតឱកាស យកល្បែងភ្នាល់តាមអនឡាញនេះ មកប្រើប្រាស់ជាយន្តការនៃការឆបោកតាមអនឡាញបន្តទៅទៀត។ នេះគឺជាឆន្ទៈដ៏មោះមុត ហើយជាការអនុវត្តដ៏ត្រឹមត្រូវ និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា»។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញមួយកន្លែង ស្ថិតនៅអគារកញ្ចក់កម្ពស់៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ែប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជាន់ខ្ពស់ បានបង្ហាញថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៩១នាក់ (ស្រី ១០៦នាក់) ដែលក្នុងនោះរួមមាន៖ជនជាតិឥណ្ឌូនេស៊ី៖ ៥១៨នាក់ (ស្រី ៧៦នាក់)ជនជាតិថៃ៖ ២២នាក់ (ស្រី ៧នាក់)ជនជាតិខ្មែរ៖ ៥១នាក់ (ស្រី ២៣នាក់)សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិថៃជាមេខ្លោងពាក់ព័ន្ធក្នុងការចាត់ចែងទីតាំងខាងលើ ព្រមទាំងបានដកហូតសម្ភារ និងឧបករណ៍បច្ចេកវិទ្យាច្រើនសន្ធឹកសន្ធាប់ផងដែរ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់បន្តទៀត៕






