ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំ ឆ្នាំ២០២៦ (ដំណាក់កាលទី២) ក្នុងខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង

នាថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំ ឆ្នាំ២០២៦ (ដំណាក់កាលទី២) លើប្រព័ន្ធធារាសាស្ត្រសំខាន់ៗមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
ក្នុងបេសកកម្មនាឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារអន្ដរក្រសួង បានចុះពិនិត្យលើទីតាំងប្រព័ន្ធធារាសាស្ត្រគោលដៅចំនួន ៣ រួមមាន ៖ ១. ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ (ជំហានទី១) ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ២. ប្រព័ន្ធធារាសាស្ត្រកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ៣. ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ បានកោតសរសើរនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានខិតខំស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាព និងបទដ្ឋានបច្ចេកទេស សម្រាប់បម្រើដល់ការស្រោចស្រព ការរំដោះទឹកជំនន់ ការប្រើប្រាស់ប្រចាំថ្ងៃ និងសេដ្ឋកិច្ច-សង្គម ព្រមទាំងបានណែនាំដល់មន្ទីរជំនាញត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីរួមគ្នាថែរក្សាការពារសមិទ្ធផលទាំងនេះឱ្យមានចីរភាពសម្រាប់ប្រយោជន៍រួមយូរអង្វែង៕

You might also like