គណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅកម្ពុជា

(ភ្នំពេញ) តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល, គណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បានដឹកនាំដោយ ឯកឧត្តម ថងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈប្រចាំការ យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល និងមានវត្តមាន ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ចូលរួមផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម ថងលី ស៊ីសូលីត នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលមួយចំនួនទៀតផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឡាវ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ដើម្បីបម្រើផលប្រយោជន៍រួមរបស់គណបក្ស ប្រទេស និងប្រជាជនទាំងពីរ៕

You might also like