សម្ដេចធិបតី ៖ រាជរដ្ឋាភិបាល មិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​អំណរ​គុណដល់លោកស្រី សែម សុខគា ដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផា​លាក់​ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់​ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​សម្ដេច​ហើយ​ចូល​មក​ជួបក្រុមការងារខេត្តដោះស្រាយបញ្ហាដីធ្លី ខណៈសម្ដេចបានបញ្ជាក់ថា រាជ​រដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិត​ប្រាកដ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយក​រដ្ឋមន្រ្ដីបានបញ្ជាក់ថា សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូន​ចូល​មក​ជួប​ក្រុម​ការ​ងារ​របស់​ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផា​លាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។
សម្ដេចធិបតីបានថ្លែងថា៖«ដូចខ្ញុំបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាល​មិន​យក​ប្រជា​ពលរដ្ឋ​ណាម្នា​ក់​ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិ​បាល​តែង​តែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែល​កន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាម​រយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្ម​វិធី​ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។»។
តាមរយៈសារសម្ដេចធិបតី ក៏បានអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាល​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តម កែវ រតនៈ ដែលបាន​យកចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្រប​តាម​គោល​នយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើម​ឈើឡើង​វិញ ​ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់​ប្រជាពលរដ្ឋ និ​ង​ទេសចរណ៍​អាច​ទៅ​កម្សាន្តបាន»៕

You might also like