សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត។
សម្ដេចតេជោបានសរសេរថា តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅ ប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។
សម្ដេចតេជោ រំលឹកថា តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី រហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។
សម្ដេចតេជោថ្លែងថា ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម 2.5 ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ)ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។
ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។
សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹកដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹបក្សនយោបាយមួយនៅក្នុងស្រុក។
សម្ដេចប្រកាសថា នឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។
សម្ដេចតេជោបញ្ជាក់ថា ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺត្រូវឆោតឲ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ៕

You might also like