ក្រុមម៉ូតូទឹកកម្ពុជា បន្ដភាពខ្លាំងលើទឹកដីអាមេរិក ឈ្នះមេដាយមាស ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង
ក្រុមម៉ូតូទឹកកម្ពុជា បន្ដភាពខ្លាំងលើទឹកដីអាមេរិក ត្រឹមរយៈពេល ២ថ្ងៃ ឈ្នះមេដាយមាស ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ ឆ្នាំ២០២៦ ក្នុងនោះរួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសា Amateur Ski 4 Stroke Lites និងកីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១គ្រឿង លេីវិញ្ញាសារ Amateur Runabout 1100 Limited គ្រាដែលមេដាយសំរឹទ្ធ រកបានដោយកីឡាករ ម៉ីន អូស្មាន់ លើីវិញ្ញាសា Novice Ski Stock។ នេះបើតាមការឲ្យដឹងពីវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត។
ការប្រកួតជុំទី២ នៅសហរដ្ឋអាមេរិកនេះ នឹងធ្វើឡើងពីថ្ងៃទី៧-១៣ ខែតុលា ឆ្នាំ២០២៦ ដោយកម្ពុជា មានកីឡាករ ៦រូបចូលរួម បន្ទាប់ពីការប្រកួតជុំទី១ នៅប្រទេសប៊ុលហ្គារី កាលពីខែកក្កដា ក្រុមអត្តពលិកម៉ូតូទឹកកម្ពុជាដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ៥ និងប្រាក់២)។ យ៉ាងណាមិញកម្ពុជានៅសល់វិញ្ញាសាជាច្រើនទៀត ដែលត្រូវបន្ដការប្រកួតប្រជែងមេដាយជូនជាតិបន្ថែម៕






