សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសារឆ្លើយតបទៅវិញចំពោះលោក អ៊ុំ សំអាន ហើយសង្ឃឹមថាលោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែនដោយផ្ទាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញខ្លឹមសារទាំងស្រុងនៅលើបណ្តាញសង្គមដូចខាងក្រោម៖
ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែល លោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។
អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់
ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល (តាមសម្តីរបស់គាត់)។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់៖
១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ៖
. ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។
. បើលោកមិនទុកចិត្ត ខ្ញុំ និងរាជរដ្ឋាភិបាល លោកអាចពឹងពាក់អោយមានការជួយឃ្លាំមើលសុវត្ថិភាពរបស់លោកពីសំណាក់ស្ថានទូតបរទេសណាមួយនៅកម្ពុជា ឬអង្គការសង្គមស៊ីវិលណាដែលលោកទុលចិត្តបន្ថែមក៏បាន។
. បើសិនជា ខ្ញុំមានបំណងអាក្រក់អ្វីមួយចំពោះរូបលោក អ៊ុំ សំអាន ខ្ញុំមិនមានការចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះបើមានអ្វីកើតឡើងចំពោះរូបលោក គឺខ្ញុំទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបាត់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ។
២. ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា៖
. ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ:
. គោលដៅទី១ – គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាថ៌អ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សី នូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុំ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថា ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
. គោលដៅទី២ – គឺខ្ញុំមិនចង់អោយការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាសរៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចអោយកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុ មិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតអោយយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។
ខ្ញុំនៅតែសង្ឃឹមថាលោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ខ្ញុំ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្តនិងការផ្តល់តម្លៃរបស់លោក អ៊ុំ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ៕






