អាជ្ញាធរជុសជុលច្រាំងទន្លេ ដែលបាក់ស្រុតដាច់ផ្លូវនៅម្តុំផ្សារក្រមួន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
(ភ្នំពេញ)៖ ច្រាំងទន្លេដែលបាក់ស្រុតដាច់ផ្លូវនៅម្តុំ ផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំមន្ត្រីជំនាញ អ្នកបច្ចេកទេស ចុះទៅត្រួតពិនិត្យ ដើម្បីចាត់វិធានការ ជួសជុល និងស្ថាបនាផ្លូវឡើងវិញ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យទាន់វេលា។
អភិបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ផ្លូវដែលរងការស្រុតខូចខាតនេះ មានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោកបន្តថា ក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដោយមានមន្ត្រីជំនាញ ដាក់គ្រឿងចក្រតែម្តង ដើម្បីចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ច្រាំងទន្លេមេគង្គមួយកន្លែង ស្ថិតនៅម្តុំផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប បានបាក់ស្រុតដី និងដាច់ផ្លូវបេតុងចូលក្នុង ទន្លេមេគង្គជាបន្តបន្ទាប់រហូតដល់ដាច់ផ្លូវបេតុង ផ្តាច់ចរាចរណ៍ស្រុង និងបាន ប្រេះចូលដល់ដីពលរដ្ឋទៀត។
លោក លីម សុភា បានឲ្យដឹងទៀតថា ការបាក់ស្រុតដីដាច់ផ្លូវនេះ នៅវេលាម៉ោងជាង ២រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខណៈពេលភ្លៀងធ្លាក់យ៉ាងខ្លាំង។ មុនដំបូងបាក់ដាច់ផ្លូវតែប្រមាណ ១០ម៉ែត្រ តែវេលារសៀលក៏បន្តបាក់ស្រុតដាច់ដាច់ផ្លូវបេតុងទាំងស្រុង រហូតដល់មានទទឹង ៦ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ។
បន្ទាប់ពីមានការបាក់ស្រុត លោកបានក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ បានចុះពិនិត្យស្ថានភាពទីតាំង ដែលរងការបាក់ស្រុតនោះ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតទីតាំងកើតហេតុ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើង ជាយថាហេតុ និងបានដាក់របាំង និងស្លាកសញ្ញាសំគាល់ហាមចេញ-ចូល ឬឆ្លងកាត់ទីតាំងបាក់ស្រុតដី និងផ្លូវបេតុង ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។
លោកបញ្ជាក់ថា ដោយមានការណែនាំពីលោក ឃួង ស្រេង ដំណើរការជួសជុលស្ថាបនាផ្លូវឡើងវិញ ចាប់ពីថ្ងៃនេះ និងឲ្យរួចរាល់ក្នុងរយៈពេល១ខែ សំដៅធានាសុវត្ថិភាព និងសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅចំណុចផ្សារក្រមួន ភូមិខ្ទរ សង្កាត់ព្រែកលៀប ដើម្បីសម្រួលការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕























