សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំផ្តល់ជម្រើសមួយទៀតក្នុងករណីលោក អ៊ុ សំអាន ខ្លាចមិនហ៊ានមកផ្ទាល់ អាចចាត់តាំងតំណាងឬក្រុមតំណាងដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន

នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា ៖ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖
១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវាយបែកក្បាល ។ល។
២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ គាត់និយាយ (ឬបង្ហើបថា) ភស្តុតាងរបស់គាត់បានមកពីលឮគេថា ឮតាមព័ត៌មានដូចជាអាស៊ីសេរី និងចុងក្រោយថាគាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីឱ្យថៃ តើផ្អែកលើមូលដ្ឋានអ្វីទៅវិញ?)
៣. ព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារឱ្យលើកលែងទោសឱ្យគាត់ទៅវិញ។
ទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ។
ក្នុងគោលបំណងបង្កលក្ខណៈឱ្យក្រុមការងារលោក អ៊ុ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មាន ជាពិសេសដើម្បីកុំឱ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀតថាបានធ្វើឱ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់ ៖
• លោក អ៊ុ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។
• ក្នុងករណីលោក អ៊ុ សំអាន យល់ព្រមចាត់តាំងតំណាងឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន ÷
១• លោកត្រូវប្រគល់សិទ្ធិពេញលេញឱ្យ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល។
២• លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោកនិងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
៣• ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤• ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។
សម្រាប់រាជរដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោកនិងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។
ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ។
សង្ឃឹមថាលោក អ៊ុ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមដែរថាលោក អ៊ុ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ។
រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញ និងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕

You might also like