អ្នកនាំពាក្យ ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះថា ជាប្រទេសដែលយល់ច្បាស់ពីតម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីក៏ដូចជា​ខ្លឹមសារ​ទាំង​ស្រុង​នៃសេចក្តីប្រកាស​រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។​​
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា នៅក្នុងដំណោះស្រាយព្រំដែនគោក ក្នុងនាម​ជាប្រទេសដែលយល់ច្បាស់ពីតម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីក៏ដូចជា​ខ្លឹមសារ​ទាំង​ស្រុង​នៃសេចក្តីប្រកាស​រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យ​គណៈកម្មការ​ចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខណ្ឌ​សីមាប្រទេសទាំងពីរ​ជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។​​ កម្ពុជាបានប្រកាន់យកដំណោះស្រាយ​ដោយសន្តិវិធីតាមរយៈការចរចាការទូតពីព្រោះជម្លោះប្រដាប់អាវុធមិនអាចដោះស្រាយ​បញ្ហាព្រំដែនបានឡើយ។
ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី​១៥ ខែតុលា ឆ្នាំ ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដី​កម្ពុជា។ ការខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជា​ជនប្រមាណ២ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ​។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រហូត​មកទល់ពេលនេះ ជនភៀសសឹក​កម្ពុជាដែលនៅសល់​ប្រមាណជា ២ម៉ឺននាក់​មិនទាន់អាចវិលត្រឡប់ទៅ​ផ្ទះសម្បែងវិញ​បាននៅឡើយដោយសារ​ការរារាំងដោយបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ដោយកងកម្លាំងថៃ។ កម្ពុជាទាមទារឱ្យ​ជនភៀសសឹកទាំងនោះវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដូចអ្នក​រាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជាអះអាងថា ស្របតាមច្បាប់អន្តរជាតិ ជនស៊ីវិលមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន​។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

You might also like