អគារសិក្សាមួយខ្នងចំនួន ៦ បន្ទប់ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានសាងសង់ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាសាមគ្គីមានជ័យ នៅឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានដឹកនាំសហការីទៅពិនិត្យការសាងសង់អគារសិក្សា មួយខ្នងមានចំនួន ៦ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតនៅក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក លុច ម៉ៃ ប្រធានក្រុមការងារសាងសង់អគារមួយខ្នងនៃសាលាបឋមសិក្សាភាសាមគ្គីមានជ័យ បានរាយការណ៍បញ្ជាក់ថា អគារសិក្សាមួយខ្នងនេះ មានចំនួន ៦ បន្ទប់ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៦ ហើយនឹងត្រូវបញ្ចប់ការសាងសង់ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឲ្យទាន់ពេលវេលាដែលសិស្សានុសិស្សចូលរៀនសូត្រក្នុងពេលចូលបវេសនកាលថ្មី ឆ្នាំ ២០២៦-២០២៧ ខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អគារសិក្សាថ្មីដែលមានចំនួន ៦ បន្ទប់នេះ សាងសង់ឡើងតាមសំណូមពររបស់លោកគ្រូអ្នកគ្រូ និងសិស្សានុស្សិស្ស ព្រមទាំងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ នៅភូមិអង្គរសែនជ័យ ឃុំក្លែងដោយអគារសិក្សាចាស់សាងសង់ឡើង អំពីឈើដំបូលនិងជញ្ជាំងស័ង្កសី ហើយអាគារមួយចំនួនទៀតធ្វើអំពីឈើជញ្ជាំងក្តារ មានសភាពពុកផុយខូចខាតទ្រុឌទ្រោម យ៉ាងខ្លាំង ហើយមិនគ្រប់ចំនួនថ្នាក់ដែលក្មួយៗ និងចៅៗត្រូវសិក្សារៀនសូត្រ ហើយកន្លងទៅការរៀនសូត្រត្រូវផ្លាស់ប្ដូរវេនគ្នាតាមថ្នាក់នីមួយៗ ។ ដើម្បីដោះស្រាយសំណូមពរនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ចែងដំណើរការសាងសង់អគារមួយខ្នងចំនួន ៦ បន្ទប់នេះ ជូនដល់ចៅៗនិងក្មួយៗបានសិក្សារៀនសូត្របានសមរម្យ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងបន្ទប់សិក្សានីមួយៗ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅសុផាន់ បានបំពាក់តុ និងកៅអីសម្រាប់សិស្សចំនួន ២៤ ឈុត និងតុកៅអីសម្រាប់លោកគ្រូអ្នកគ្រូចំនួនមួយឈុត ដែលក្នុងមួយបន្ទប់អាចដាក់សិស្សអង្គុយសិក្សាបានចំនួន ៤៨ នាក់។
លោក លាភ ធីនី នាយកសាលាបឋមសិក្សាសាមគ្គីមានជ័យ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានសាងសង់អគារសិក្សាថ្មីនេះជូនដល់សិស្សានុសិស្សដែលកំពុងមានការលំបាកខ្វះខាត នៅអាគារ តុសម្រាប់សិក្សារៀនសូត្រនៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ កន ចំណាន













