អ្នកនាំពាក្យ ៖ ភាពសកម្មរបស់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន គ្រប់វិនាទីដើម្បីការពារទឹកដី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះថា ភាពសកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនពោល គឺម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។
ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលតែងតែលើកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅគ្រប់វេទិកាទាំងអស់ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រាប់ឱ្យពិភពលោកបានដឹងការពិត គឺមិនមែនជាការចោទប្រកាន់អ្នកណាទេ។ សម្តេចបានថ្លែងអំណរគុណគ្រប់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការងារនេះ។
ឯកឧត្តមអ្នកនាំពាក្យបន្តថា «នេះហើយជាភាពសកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនពោល គឺម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។ ដូច្នេះ សម្តេចធិបតីសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការ សូមរួមចិត្ត រួមគំនិត និងអារម្មណ៍ដើម្បីការពារទឹកដីដោយទុកឱកាសជូនរាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់សិនចាំជជែកគ្នារវាងខ្មែរ និងខ្មែរនៅពេលក្រោយ។ ចំណែកពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មបំផុត»។
បើតាមឯកឧត្តម ប៉ែន បូណា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅកម្ពុជា កាលពីថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ប្រមុខការទូតកម្ពុជាក៏បានជម្រាបជូនសមភាគីក្រូអាស៊ី អំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនានិងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមអ្នកនាំពាក្យបន្តថា នេះក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែលបង្ហាញថា រាជរដ្ឋាភិបាលមិនដែលភ្លេចការទាមទារទឹកដីដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់សូម្បីមួយវិនាទីណាឡើយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលតែងតែលើកពីបញ្ហាព្រំដែនដើម្បីចោទប្រកាន់រាជរដ្ឋាភិបាល គឺជាការមួលបង្កាច់ដើម្បីកេងចំណេញនយោបាយសុទ្ធសាធ តែគ្មានមូលដ្ឋានការពិតដែលអាចជឿជាក់បានឡើយ៕






