បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតសារធាតុញៀន៧កញ្ចប់

(ស្វាយរៀង)៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀនដោយខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។
ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ (ប្រុស) និងដកហូតបានវត្ថុតាងរួមមាន សារធាតុញៀនចំនួន៧កញ្ចប់ ក្នុងនោះមាន៦កញ្ចប់ធំ រួមជាមួយទូរស័ព្ទដៃចំនួន០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្លាំងសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

You might also like