រថយន្តកូរ៉េដឹកផ្លែដូងបើកលឿន ក្រឡាប់សង្កត់លើរថយន្តមួយគ្រឿងទៀត ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្តុបច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តកូរ៉េដឹកផ្លែដូងមួយគ្រឿង បានក្រឡាប់សង្កត់លើរថយន្តម៉ាក MAZDA ពណ៌ស បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីអ្នកបើកបរបើកក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនស៊ី ក៏បួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ។ ហេតុការណ៍នេះ សំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។

មុនពេលកើតហេតុ គេឃើញបុរសពីរនាក់បើករថយន្តម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CG-2286 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច។

ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េពណ៌សមួយគ្រឿង ដឹកផ្លែដូងពេញរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AI-7648 បើកមកពីក្រោយក្នុងទិសដៅស្របគ្នា។ នៅពេលនោះ អ្នកបើកបររថយន្តដឹកផ្លែដូងបានជាន់ហ្វ្រាំង ប៉ុន្តែហ្វ្រាំងមិនស៊ី ក៏បួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់សង្កត់លើរថយន្ត MAZDA បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕

You might also like