ល្បិចមេខ្យល់នៅស្រុកកំរៀង ៖ ពលករចំណាយម្នាក់ ៥.០០០ បាត លួចឆ្លងដែនទៅថៃ តែចុងក្រោយត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួន

ខេត្តបាត់ដំបង៖ខេត្តចាន់បុរី ករណីពលករខ្មែរ ៧ នាក់ (ប្រុស ៥ នាក់ ស្រី ២ នាក់) ត្រូវបានកម្លាំងកងទ័ពជើងទឹកថៃចាប់ខ្លួននៅភូមិឡែមថ្មី ឃុំថេពនិមិត ស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី កាលពីយប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦ ន្លងទៅនេះ បានចោទជាសំណួរយ៉ាងក្តៅគគុកនៅក្នុងសង្គម ៖ «ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជានៅតែចាញ់បោក និងជឿលើការអូសទាញរបស់មេខ្យល់?» តាមការស្រាវជ្រាវ និងការអះអាងពីពលករ ពួកគេមានដើមកំណើតមកពីខេត្តសៀមរាប ដោយគ្រាន់តែប្រាថ្នាចង់បានការងារធ្វើនៅខេត្តរ៉ាក់យ៉ង និងរាជធានីបាងកក ប្រទេសថៃ ដើម្បីដោះស្រាយជីវភាព។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺពួកគេម្នាក់ៗត្រូវចំណាយប្រាក់ថ្លៃនាំផ្លូវរហូតដល់ ៥.០០០ បាត (ប្រមាណជាង ១៤០ ដុល្លារ) ជូនទៅក្រុមមេខ្យល់។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ថា ក្រុមមេខ្យល់នៅក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ហាក់ដូចជាកំពុងធ្វើព្យុះធ្វើភ្លៀង និងប្រព្រឹត្តបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់យ៉ាងរលូន។ ពួកគេស្គាល់ភូមិសាស្ត្រ និងទិសដៅច្បាស់លាស់ ដោយចេះប្រើល្បិចបោកប្រាស់ និងរកចន្លោះប្រហោងដើម្បីជម្លៀសពលករគេចចេញពីការល្បាតរបស់សមត្ថកិច្ចព្រំដែន។
ចំណុចនេះបានបង្កើតជាមន្ទិលសង្ស័យក្នុងចំណោមមហាជនថា តើមន្ត្រី ឬអាជ្ញាធរអសមត្ថភាព មើលរំលង ឬក៏មានបុគ្គលណាខ្លះនៅពីក្រោយខ្នងផលប្រយោជន៍នៃអំពើនាំមនុស្សឆ្លងដែនខុសច្បាប់នេះ? ព្រោះទោះបីជាមេខ្យល់ដឹងច្បាស់ថា ពលករដែលចូលទៅអាចប្រឈមនឹងហានិភ័យខ្ពស់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន និងឃុំឃាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីវាសនារបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ និងមហាជនសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងសូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៨១៩ ដែលឈរជើងការពារ និងក្តាប់ភូមិសាស្ត្រនៅតំបន់នោះ មេត្តាជួយបើកការស្រាវជ្រាវ និងចាត់វិធានការក្តៅ ក្នុងការបង្ក្រាប និងតាមចាប់ខ្លួនក្រុមមេខ្យល់ខិលខូចមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋស្លូតត្រង់បន្តរងគ្រោះ និងរងការកេងប្រវ័ញ្ចទៀត។

You might also like