សម្តេចធិបតី៖ ខួប១ឆ្នាំនៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ! កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ថ្ងៃនេះគឺគម្រប់ខួប១ឆ្នាំនៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦។

កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។

ខ្ញុំក៏យកឱកាសនេះដើម្បីធ្វើការថ្លែងនូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព»៕

You might also like