គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈរថយន្តដឹកទំនិញធុនធំបើកបុកយុវជនម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ក្រោមតំណក់ទឹកភ្លៀង

ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្តាយនិងរន្ធត់ខ្លាំងណាស់ហើយក៏រិតតែមិនអាចទទួលយកបានថែមទៀត ខណៈដែលកូនប្រុសទើបប្រលងជាប់បាក់ឌុបមកពីខេត្តដើម្បីរៀនផងនិងមករកការងារធ្វើនៅភ្នំពេញផង ប៉ុន្តែបែរជាមកជួបរឿងអកុសលត្រូវរថយន្តដឹកទំនិញធុនធំបើកបុកនិងកិនស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមតំណក់ទឹកភ្លៀងបែបនេះទៅវិញ តើឪពុកម្តាយ បងប្អូនម៉េចនឹងអាចទទួលយកបានទៅ បើបាត់បង់ធនធានមនុស្សម្នាក់ក្នុងគ្រួសារបែបនេះ?

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៦នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវលេខ៩២ ដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាយុវជនរងគ្រោះក្រោយពីប្រឡងបាក់ឌុបជាប់ក៏ឡើងមកភ្នំពេញស្នាក់នៅជាមួយមិត្តភក្តិក្នុងគោលបំណងដើម្បីរកការងារធ្វើផងនិងរៀនបន្តផង ប៉ុន្តែបែរជាមកជួបរឿងអកុសលបែបនេះទៅវិញ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថាយុវជនរងគ្រោះទើបតែមកដល់ភ្នំពេញបានបួនថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពាក់ស្លាកលេខភ្នំពេញ IP-0304 តាមបណ្តោយផ្លូវលេខ៩២ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តដឹកទំនិញធុនធំមិនចាំស្លាកលេខបើកបរក្នុងទិសដៅពីជើងទៅត្បូងបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅក្រោមតំណក់ទឹកភ្លៀងតែម្តង ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
សពជនរងគ្រោះមានឈ្មោះចន្ថា ចំរើន ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្នាក់នៅជាមួយមិត្តភក្តិក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅឯស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌសែនសុខបានចុះមកដល់ធ្វើការវាស់វែងនិងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរករថយន្តបង្កបន្តទៀតដើម្បីអនុវត្តតាមច្បាប់៕

You might also like