ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកពីប្រវត្តិនៃការប្រឡងបាក់ឌុប និងជំនួបរវាងនាយករដ្ឋមន្ត្រី និងសិស្សនិទ្ទេស A ដែលបានចាប់ផ្តើមក្នុងដំណាក់កាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៤។ សម្តេចមហាបវរធិបតី បញ្ជាក់ថា សម្តេចនឹងបន្តរក្សាកម្មវិធីសំណេះសំណាលនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វឌ្ឍនភាពដ៏ល្អប្រសើរនេះ គឺជាលទ្ធផលនៃការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយ ការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន, និង ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរក្រសួងអប់រំ យុវជន និង កីឡា ដែលបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពអប់រំនៅគ្រប់កម្រិត, ធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស, និង ពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ក្នុងបរិការណ៍ពហុវិបត្តិ, ជាពិសេស ក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ ប្រឹងងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងគុណភាពប្រជាពលរដ្ឋ ជាពិសេស កុមារ និង យុវជន ដែលជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល, ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងមក និងបច្ចុប្បន្នយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ, ព្រមទាំងសីលធម៌ វិន័យ និងមនសិការស្នេហាជាតិ។ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញវិជ្ជាជីវៈដល់យុវជន ដោយធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» សំដៅលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ និងចូលរួមក្នុងកាអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឆាប់រហ័ស ប្រកបដោយ បរិយាប័ន្ន និងចីរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាមានមោទនភាព ចំពោះការងារអភិវឌ្ឍមូលធនមនុស្សកម្ពុជា ដែលមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ជាបន្តបន្ទាប់។ វឌ្ឍនភាព នៃវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានការអភិវឌ្ឍឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង សេវាកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងសិក្សាដាក់ចេញនូវផែនការ, យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ដែលមានលក្ខណៈប្រាកដនិយម សម្រាប់ជំរុញការកសាង និងពូនជ្រំមូលធនមនុស្សកម្ពុជា ស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុង «យុគមាស» នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជា ដៃម្ខាង ត្រូវប្រឹងប្រែងកសាងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ដោយឈរលើធនធានដែលមានស្រាប់ និងដៃម្ខាងទៀត ត្រូវពុះពារអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឈោងចាប់យកតម្លៃបន្ថែមកាន់តែខ្ពស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ពីក្នុងស្រុក ទៅកាន់តំបន់ និងសកលលោក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មូលធនមនុស្សជា «គ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសជាតិ» ពោលគឺ ការអភិវឌ្ឍជាតិឱ្យរីកចម្រើន រឹងមាំ បរិយាប័ន្ន និង ចីរភាព ត្រូវពឹងផ្អែកលើគុណភាពធនធានមនុស្ស ដែលមានទាំងចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ វិន័យ និងឧត្តមគតិស្នេហាជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ជាថ្មីថា ថវិកាជាតិសម្រាប់វិស័យអប់រំ និងសុខាភិបាល មិនមានកាត់បន្ថយនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជំនួបជាមួយគ្រូបង្គោល និងនាយកសាលាអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន១៦១សាលា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ម្សិលមិញ បានជជែកត្រង់ទៅត្រង់មករយៈពេលប្រមាណ៤ម៉ោង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រូ និងឪពុកម្តាយ ធ្វើការជាមួយគ្នា ទើបធ្វើឱ្យមានវិន័យ និងការសិក្សារបស់កូនបានល្អ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សិស្សនិទ្ទេស A ជាមោទនភាពសម្រាប់ឪពុកម្តាយទី១ និងទី២។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅរបស់សម្តេច គឺប្រែក្លាយសាលារៀននៅទូទាំងប្រទេសជាសាលាគំរូ ខណៈបច្ចុប្បន្នសាលា១៦១សាលាហើយ កំពុងអនុវត្តវិធានការគន្លឹះលើការអប់រំនេះ។ វិធានការគន្លឹះនោះរួមមាន ៖ (១). អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), (២). ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, (៣). ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, (៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ធ្វើបច្ចុប្បន្នភាពសាលារៀន និងបរិមាណសិស្ស ដើម្បីដោះស្រាយបញ្ហាអគារសិក្សា និងឆ្លើយតបបរិមាណសិស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គុណភាពនៃការសិក្សារបស់សិស្ស ផ្សាភ្ជាប់សំខាន់ទៅនឹងម៉ោងសិក្សា។ សម្តេចបញ្ជាក់ថា នឹងកំណត់ឱ្យរៀន៦ម៉ោងក្នុងមួយថ្ងៃនៅគ្រប់សាលារដ្ឋ។
* សម្តេចមហាបវរធិបតី គ្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលា ដោយផ្តោតលើអក្សរសាស្ត្រ និងគណិតវិទ្យា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពីរម៉ោងបន្ថែម លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនថាសាលារៀននៅទីក្រុង ជនបទ និងដាច់ស្រយាលនោះទេ ត្រូវតែទទួលបានកម្រិតអប់រំដូចគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាកាន់តែល្អ សិស្សកាន់តែច្រងេងច្រងាង អគារសិក្សាកាន់តែល្អ ក្នុងអគារសុទ្ធតែសំរាម នេះជាបញ្ហា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គន្លឹះជោគជ័យនៃការអប់រំ មិនមែនសម្រេចត្រឹមថ្ងៃប្រលងនោះទេ គឺត្រូវធ្វើតាំងពីថ្នាក់ដំបូង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់សិស្សថា ក្រោយបញ្ចប់បាក់ឌុប គឺឈានចូលផ្លូវបំបែក ដែលត្រូវមានម្ចាស់ការលើជីវិត មិនអាចពឹងផ្អែកលើឪពុកម្តាយបន្តទៀតទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវចៀសវាងការប៉ះពាល់គ្រឿងញៀន ហើយត្រូវចេះហាត់ប្រាណ ដើម្បីជួយដល់សុខភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកថា កុំបោះបង់ជីវិត ព្រោះតែទាមទារម៉ូតូ ទូរស័ព្ទ…ពីឪពុកម្តាយមិនបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សដែលបញ្ចប់បាក់ឌុប ត្រូវរៀនម្ចាស់ការ និងរៀនរស់ដោយខ្លួនឯង មិនត្រូវបន្តរស់ពឹងផ្អែកលើឪពុកម្តាយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សកុំសម្ភារៈនិយម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជាដំបូន្មានថា ការរកប្រាក់បានចាយវាយដោយខ្លួនឯង គឺជារឿងមោទនភាព។ សម្តេចបានណែនាំឱ្យប្រាក់ដែលរកបាន ដោយខ្លួនឯងលើកដំបូង គួរដាក់ស៊ុមរក្សាទុក ដើម្បីទុកជាការលើកទឹកចិត្តខ្លួនឯង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សនិទ្ទេស A ឱ្យបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រជាប់ជាប្រចាំ។ មិនអាចអឿខ្លួនជានិទ្ទេស A នោះទេ។








