ករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង ម៉ាក RANGE ROVER ពាក់ផ្លាកលេខ កម្ពុជា JJ.CHING ដែលគេស្គាល់ថា ជារថយន្តរបស់ CEO ដ៏ល្បីម្នាក់
ភ្នំពេញ ៖ ករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងម៉ាក RANGE ROVER ពាក់ផ្លាកលេខ កម្ពុជា JJ.CHING ដែលគេស្គាល់ថាជារថយន្តរបស់ CEO ដ៏ល្បីម្នាក់បានបុកគ្នាជាមួយម៉ូតូបណ្តាលអោយភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិត រួចព្យាយាមបើករត់គេចពីកន្លែងកើតហេតុ មកដោះផ្លាកលេខចេញ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ «JJ.CHING» បុកម៉ូតូម៉ាក Suzuki Nex បណ្តាលឱ្យខ្ទាតធ្លាក់ចិញ្ចើមផ្លូវ។ ក្រោយកើតហេតុ រថយន្តបានបន្តបើកចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតាមឃាត់រថយន្តទុកបាន ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅ យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Nex ពាក់ស្លាកលេខ កែប 1B-6378 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ «JJ.CHING» បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានរេចង្កូតទៅបុកម៉ូតូពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូខ្ទាតធ្លាក់ចិញ្ចើមផ្លូវ និងស្លាប់ភ្លាមៗតែម្ដង ។
ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីបុកម៉ូតូ រថយន្តបានបន្តបើកចេញពីកន្លែងកើតហេតុ ទាំងបែកកង់។ លុះមកដល់កន្លែងមួយ អ្នកបើកបរបានឈប់រថយន្តក្នុងគោលបំណងប្តូរកង់ ដើម្បីបន្តដំណើរទៅមុខទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតាមឃាត់រថយន្តទុកបាន។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួន ដោយតាមការរាយការណ៍បានដោះស្លាកលេខរថយន្តយកទៅជាមួយផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធមកដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចរៀបចំឯកសារប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕






