ឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី២

ភ្នំពេញ÷ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្ទះលេខ១ស្ទូន ផ្លូវ ៣៥៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន, រថយន្តជំនួយបុរីប៉េងហួត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។
ដោយឡែកចំពោះ ប្រភេទ ផ្ទះថ្មបេតុង ទំហំ (៤ម៉ែត្រ x ១០ម៉ែត្រ) ឆេះខូតខាតបន្ទប់ ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) មានម៉ាស៉ីនត្រជាក់ចំនួន១គ្រឿង នឹងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ៦និង៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

You might also like