អ៊ីរ៉ង់ស្វែងរកការកាត់បន្ថយផែនការសន្តិភាពមកត្រឹមបួនថ្ងៃ ខណៈក្រុមអ្នកសម្របសម្រួលពិភាក្សាការរៀបចំកិច្ចប្រជុំនៅទួរគី

ប្រភពព័ត៌មាននានាបានប្រាប់សារព័ត៌មាន Al Arabiya English កាលពីថ្ងៃពុធថា អ៊ីរ៉ង់កំពុងស្វែងរកការកាត់បន្ថយរយៈពេលអនុវត្តកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិកពីប្រាំពីរថ្ងៃមកត្រឹមបួនថ្ងៃ ខណៈក្រុមអ្នកសម្របសម្រួលពិភាក្សាអំពីការរៀបចំកិច្ចប្រជុំនៅប្រទេសទួរគីមុនថ្ងៃទី ៤ ខែវិច្ឆិកា ដើម្បីជៀសវាងការប្រឈមដាក់គ្នាខាងយោធាឡើងវិញ។
ប្រភពព័ត៌មាននិយាយថា សំណើចុងក្រោយបំផុតរួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដកការបិទផ្លូវទឹករបស់អាមេរិកលើកំពង់ផែអ៊ីរ៉ង់ និងការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់រួមទាំងការអញ្ជើញក្រុមអធិការកិច្ចអន្តរជាតិឱ្យទៅពិនិត្យរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រភពព័ត៌មានខាងលើបានបន្ថែមថា ការពិគ្រោះយោបល់កំពុងដំណើរការរវាងអ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់លើកិច្ចប្រជុំដែលអាចធ្វើទៅបាននៅទួរគី ក្នុងបំណងបន្តការចរចា និងការទប់ស្កាត់ការវាយប្រហារជុំមួយទៀតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងទីក្រុងតេអេរ៉ង់។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះកើតឡើងស្របពេលមានការរៀបចំយោធាកាន់តែខ្លាំងឡើង និងការមិនចុះសម្រុងគ្នាលើលំដាប់នៃជំហានដែលត្រូវការពីភាគីទាំងពីរ ជាពិសេសជោគវាសនានៃឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ការដកការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក និងការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Axios ដោយដកស្រង់ប្រភពដែលដឹងការពិភាក្សានេះបាឲ្យដឹងថាកាតាកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយមានការគាំទ្រពីអារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន អេហ្ស៊ីប និងទួរគី។យោងតាមរបាយការណ៍នេះ អ្នកចរចាកាតា លោក Ali al-Thawadi បានធ្វើទស្សនកិច្ចទីក្រុងតេអេរ៉ង់នៅសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕
You might also like