ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប និងឃាត់ខ្លួនបានសម្រេច ក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់។ ករណីលួចមានស្ថានទម្ងន់ទោសនេះបានកើតឡើង កាលពីថ្ងៃទី១ វិច្ឆិកា ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុងច្រកចូលផ្ទះសំណាក់ ៣ដុល្លារ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងករណីនេះ ជនរងគ្រោះមានឈ្មោះ វិត ចិន (ប្រុស, ១៨ឆ្នាំ) មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបានបន្តថា ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន ៣នាក់ រួមមានទី១ ឈ្មោះ រឹម សុធារ៉ាម (ប្រុស, ២៥ឆ្នាំ) ទី២ ឈ្មោះ ម៉ែន ពិសិដ្ឋ (ប្រុស, ១៨ឆ្នាំ) និងទី៣ ឈ្មោះ ហឿន មីនា (ប្រុស, ២២ឆ្នាំ)។ ដោយឡែក ជនសង្ស័យចំនួន ២នាក់ ទៀតដែលកំពុងរត់គេចខ្លួនរួមមានទី១ ឈ្មោះ អាហេង (ប្រុស, ១៨ឆ្នាំ) និងទី២ ឈ្មោះ អាឡុង (ប្រុស, ១៨ឆ្នាំ)។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរបស់ជនសង្ស័យរួមមានទូរស័ព្ទដៃចំនួន ៣គ្រឿង (ម៉ាក ViVO ពណ៌ខៀវ ម៉ាក iPhone 7 ពណ៌ខ្មៅ និងម៉ាក iPhone 8 ពណ៌ខ្មៅ) ព្រមទាំងម៉ូតូចំនួន ១គ្រឿង ម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1lX-6750 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MO-8474 ដែលជារបស់ជនរងគ្រោះត្រឡប់មកវិញផងដែរ។
ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោស៕






