រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសចុះជួបសំណេះសំណាល ! ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋបាលស្រុកភ្នំស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានឧបត្ថម្ភស្បៀងបម្រុងដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។
បន្ទាប់មក ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបន្តអញ្ជើញជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំឈ្នួរមានជ័យ ឃុំព្រះនេត្រព្រះ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដើម្បីរួមចំណែកជួយដល់ការស្តារឡើងវិញសម្រាប់រដូវបង្កបង្កើនផលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តពុកម៉ែបងប្អូនប្រជាកសិករឱ្យចូលជាសមាជិកនៃ «សហគមន៍កសិកម្មទំនើប» ដែលមានស្រាប់នៅស្រុកព្រះនេត្រព្រះ ដោយយន្តការនេះនឹងជួយដល់ការសន្សំសំចៃចំណាយថ្លៃដើមផលិតកម្ម និងបង្កើនប្រសិទ្ធភាពការងារកសិកម្ម។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកព្រះនេត្រព្រះ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការសម្របសម្រួលជួយសង្គ្រោះ និងបែងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងឆាប់រហ័ស៕







