កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្រ្កាបករណីលួច(គាស់ផ្ទះ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ស្ទឹងត្រែង ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ការិយាល័យជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ងិន អាន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ប្តឹងជនសង្ស័យមួយក្រុមពាក់ព័ន្ធករណីលួច(គាស់ផ្ទះ)។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអ.ហ ក្រុងស្ទឹងត្រែង និងស្នាក់ការសន្តិសុខ ៧២២ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីខាងលើ។ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ គាង ខ្លឹម ហៅ អឿន ហៅខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
បន្ទាប់ពីស្តាប់ចម្លើយឈ្មោះ គាង ខ្លឹង ហៅអឿន ហៅខ្មៅ រួចនៅវេលាម៉ោង១៥និង១១នាទី (ថ្ងៃខែឆ្នាំដដែល)ស្ថិតនៅចំណុចគីឡូ១២ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញសហការជាមួយកម្លាំងសន្តិសុខ ៧២២ បន្តឃាត់ខ្លួនបក្ខពួកឈ្មោះ ឈឿន ពេជ្រ ហៅពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ ផ្ទះបច្ចុប្បន្ននៅភូមិត្រពាំងធំ ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងវត្ថុតាងមួយចំនួនទៀត។
កម្លាំងជំនាញបានធ្វើតេស្តពិសោធន៍ទឹកនោមជនសង្ស័យទាំង ២នាក់ ឃើញមានផ្ទុកសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី និងបន្តស្រាវជ្រាវរកមុខសញ្ញាដែលមានការពាក់ព័ន្ធបន្តបន្ទាប់ទៀត។

You might also like