បទវិភាគខ្លី ! មេខ្យល់នៅតែហ៊ានប្រថុយនាំមនុស្សឆ្លងដែនខុសច្បាប់ ៖ តម្រូវការបន្តរឹតបន្តឹង និងស្រាវជ្រាវមុខសញ្ញានៅតាមព្រំដែនស្រុកកំរៀង

ទោះបីជាកន្លងមក អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា តែងតែមានវិធានការយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ក៏ក្រុមមេខ្យល់ខិលខូចនៅតែមិនរញញើត និងហ៊ានប្រថុយប្រថានលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ជាក់ស្តែង ការដែលសមត្ថកិច្ចថៃបន្តចាប់ខ្លួនពលករ និងជនបរទេសដែលលួចឆ្លងដែនខុសច្បាប់បានជារឿយៗ ឆ្លុះបញ្ចាំងឱ្យឃើញថា នេះមិនមែនជារឿងការធ្វេសប្រហែស ឬខ្វះការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងការពារព្រំដែននោះឡើយ។ ប៉ុន្តែវាគឺជាសកម្មភាពរត់ពន្ធមនុស្សដោយស្ទាត់ជំនាញ របស់ក្រុមមេខ្យល់ដែលខិតខំ ឃ្លាំមើលចន្លោះប្រហោង អាស្រ័យលើភាពប៉ិនប្រសប់ និងការស្គាល់ភូមិសាស្ត្រច្បាស់លាស់ ដើម្បីជម្លៀស និងនាំមនុស្សលួចឆ្លងដែន។
មហាជន និងប្រជាពលរដ្ឋ សង្ឃឹមថាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តោយព្រំដែន ពិសេស ស្រុកកំរៀង ខេត្តបាត់ដំបង នឹងបន្តបន្ថែមការរឹតបន្តឹងសន្តិសុខ ព្រមទាំងស្រាវជ្រាវវែកមុខសញ្ញាក្រុមមេខ្យល់ទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាបន្តបន្ទាប់ ដើម្បីលុបបំបាត់រូបភាពអវិជ្ជមាន និងចៀសវាងការសង្ស័យពីការឃុបឃិតណាមួយ។
(ការលើកឡើងនេះ គឺជាការរិះគន់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកពង្រឹងសន្តិសុខតាមព្រំដែន និងការពារសុវត្ថិភាពប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនមែនជាការរើសអើង ឬញុះញង់ឱ្យមានការស្អប់ខ្ពើមដល់ស្ថាប័នណាមួយឡើយ)។
ព័ត៌មានភូមិសាស្ត្រ និងទីតាំងប្រឈម (កម្ពុជា – ថៃ)៖
ភាគីកម្ពុជា (តំបន់ប្រឈម/សង្ស័យ)៖ ស្រុកកំរៀង ខេត្តបាត់ដំបង (ជាពិសេសតំបន់ព្រំដែនក្នុង ឃុំបឹងរាំង និងច្រកទ្វារព្រំដែនអន្តរជាតិដូង)។
ភាគីថៃ (តំបន់ជាប់ព្រំដែន)៖ ស្រុកប៉ោងណាំរ៉ន (Pong Nam Ron) ខេត្តចន្ទបុរី (Chanthaburi) (ជាពិសេស ឃុំថេពនិមិត្ត និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម)។

You might also like