កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ

(ភ្នំពេញ)៖ កម្ពុជាបានជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសំយោគក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ការពង្រឹងសមត្ថភាពផ្ទៀងផ្ទាត់ព័ត៌មាន និងការធានាការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។

ការជំរុញនេះធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិច្ចប្រជុំលើកទី១៧ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន ក្នុងពិធីបើកសន្និសីទពហុភាគីរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសំយោគក្នុងយុគសម័យឌីជីថល (ASEAN Multistakeholder Symposium on Mitigating Disinformation and Managing Synthetic Media in the Digital Era) នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បរិយាកាសព័ត៌មានដែលគួរឱ្យទុកចិត្ត គឺជាកត្តាចាំបាច់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ សាមគ្គីភាពសង្គម និងការអភិវឌ្ឍសហគមន៍អាស៊ាន។ ទន្ទឹមនឹងឱកាសថ្មីៗដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតផ្តល់ជូនក្នុងវិស័យអប់រំ ការផ្លាស់ប្តូរចំណេះដឹង និងឧស្សាហកម្មច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងគោលបំណងបង្កើតខ្លឹមសារបំភាន់ អាចធ្វើឱ្យព័ត៌មានក្លែងក្លាយកាន់តែមានលក្ខណៈគួរឱ្យជឿ និងធ្វើឱ្យការផ្ទៀងផ្ទាត់ការពិតកាន់តែពិបាក ដែលបង្កហានិភ័យដល់ទំនុកចិត្តសាធារណៈ និងការយោគយល់គ្នាក្នុងសង្គម។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ភារកិច្ចរួមរបស់ប្រទេសក្នុងតំបន់ គឺការជំរុញនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងសមត្ថភាពស្ថាប័ន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យអាចសម្គាល់ ផ្ទៀងផ្ទាត់ និងឆ្លើយតបចំពោះការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថល។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវរក្សាតុល្យភាពរវាងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការការពារសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ព្រមទាំងសិទ្ធិទទួលបានព័ត៌មាន ស្របតាមច្បាប់ជាធរមាន និងកាតព្វកិច្ចអន្តរជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្ញើសារដល់អ្នកប្រើប្រាស់ព័ត៌មានគ្រប់រូបថា៖ «គិតមុននឹងជឿ ពិនិត្យផ្ទៀងផ្ទាត់មុននឹងចែករំលែក» ដែលជាគោលការណ៍សំខាន់ក្នុងការកសាងវប្បធម៌ប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់កម្ពុជា ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន និងការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល គឺជាអាទិភាពសំខាន់។ ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការយុទ្ធនាការទូទាំងប្រទេស «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទី១ យុទ្ធនាការនេះបានរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹងចំនួន ៣៦១លើក នៅទូទាំងរាជធានី–ខេត្តទាំង២៥ និងបានឈានដល់ប្រជាពលរដ្ឋជាង ៦លាននាក់ តាមប្រព័ន្ធអនឡាញ។

ចំណែកដំណាក់កាលទី២ ដែលបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៦ បានផ្តោតលើយុវជន ការពង្រឹងសមត្ថភាពគិតពិចារណា និងការកសាងភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ដោយបានឈានដល់សិស្សានុសិស្សជាង ៥៧.០០០នាក់ នៅវិទ្យាល័យចំនួន៤២។ ក្នុងកម្រិតតំបន់ កម្ពុជាក៏បានដឹកនាំគំនិតផ្តួចផ្តើមមេគង្គ–ឡានឆាង «Zero Fake News» ដោយប្រមូលផ្តុំអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានមកពីប្រទេសចំនួន៥ តាមរយៈវេទិកាពិភាក្សា ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពង្រឹងសុចរិតភាពព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈ។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោក នេត្រ ភក្ត្រា បានលើកឡើងពីអាទិភាពចំនួន៤ រួមមាន៖ ការពង្រឹងលទ្ធភាពទទួលបានព័ត៌មានដែលគួរឱ្យទុកចិត្ត ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ការពង្រឹងកិច្ចសហការជាមួយវេទិកាឌីជីថល និងអ្នកផ្តល់សេវាបច្ចេកវិទ្យា ព្រមទាំងការរក្សានិរន្តរភាពនៃកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរជំនាញ ការកសាងសមត្ថភាព និងការស្រាវជ្រាវ។

កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យព័ត៌មាន និងសារព័ត៌មាន ក្នុងនាមជាប្រទេសប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន (AMRI) លើកទី១៨ នៅឆ្នាំ២០២៧។ លទ្ធផល និងអនុសាសន៍ពីសន្និសីទនេះ នឹងក្លាយជាធាតុចូលសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំ AMRI លើកទី១៨ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់នាពេលអនាគត។
គួរបញ្ជាក់ថា សន្និសីទរយៈពេលពីរថ្ងៃនេះ បានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកជំនាញសារព័ត៌មាន អ្នកស្រាវជ្រាវ តំណាងអង្គការសង្គមស៊ីវិល និងដៃគូបច្ចេកវិទ្យា ដើម្បីពិភាក្សាអំពីនិន្នាការនៃព័ត៌មានក្លែងក្លាយ អភិបាលកិច្ចប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ ការទទួលខុសត្រូវរបស់វេទិកាឌីជីថល និងដំណោះស្រាយផ្នែកបច្ចេកវិទ្យា ក្នុងគោលបំណងរួមចំណែកកសាងបរិយាកាសព័ត៌មានដែលគួរឱ្យទុកចិត្ត មានបរិយាបន្ន និងប្រកបដោយការទទួលខុសត្រូវនៅក្នុងតំបន់អាស៊ាន៕

You might also like