លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ឱ្យបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ថែរក្សាផ្លូវ លូ និងបន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំប្រចាំខែក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរសង្កាត់ទាំង៥ ត្រូវអនុវត្តឱ្យបានគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពិសេសគឺការបង្ក្រាបក្មេងទំនើង និងការជួយថែរក្សាសមិទ្ធផលនានា នៅក្នុងមូលដ្ឋាន ដូចជាថែរក្សាផ្លូវ លូជាដើម ពោលគឺកុំឱ្យរថយន្តដឹកធ្ងន់លើសការកំណត់ និងទប់ស្កាត់ការដឹកខ្សាច់ នាំឱ្យហូរចូលលូ។ ត្រូវបន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្ថែមទៀត។ ត្រូវទទួលយករាល់សំណើ និងសំណូមពរពីប្រជាពលរដ្ឋ ពួកគាត់មានការខ្វះខាតអ្វីត្រូវជួយពួកគាត់ ក្នុងនាមយើងជាអាណាព្យាបាលពួកគាត់។
លោក ឃួង ស្រេង បានបន្តថា សមាជិក សមាជិកាបក្ស ជាឃោសនិកដ៏ឧត្ដុង្គឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់ ត្រូវតស៊ូមតិឱ្យបានខ្លាំងក្លាជាមួយបក្សប្រឆាំង និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។
លោក ឃួង ស្រេង បានបន្តទៀតថា យើងជឿទុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្ដេចទាំងទ្វេបានប្ដេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណភាពទឹកដី មិនឱ្យបាត់បង់ទាំងព្រំដែនទឹក និងគោក។ ដូច្នេះយើងត្រូវយកអ្វីៗទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យជម្នះក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។
លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌព្រែកព្នៅ ក៏បានរាយការណ៍ពីការងារបម្រើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយ ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។ ចំពោះទិសដៅបន្ត គឺថែរក្សា គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព បម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដណ្ដើមយកជ័យជម្នះឱ្យបាន នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ខាងមុខនេះ។
ក្នុងឱកាសនោះដែរ សង្កាត់ទាំង៥ បានលើកឡើងពីសមិទ្ធផលការងាររបស់គណបក្សក្នុងមូលដ្ឋានសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្ដេជ្ញាចិត្ត ក្នុងការកែប្រែសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧ – ២០២៨ខាងមុខនេះ។ បន្ថែមពីនេះ ចៅសង្កាត់នីមួយៗ ក៏បានស្នើសុំការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ៕






