ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​បើក​វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ​ក្នុង​ខេត្តកំពង់ស្ពឺ។

ក្នុងពិធីជាផ្នែកមានសារៈសំខាន់ក្នុងកិច្ចពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី និងអធិបតេយ្យ​ជាតិ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងយុវជន​ដែលបានដាក់ពាក្យ និងត្រូវបានជ្រើសរើសបំពេញយោធិនកាតព្វកិច្ចជាច្រើនរូបផ្សេងទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង បានអញ្ជើញមកបើកការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចលើកដំបូងនៅថ្ងៃនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កោតសរសើរយ៉ាងក្រៃលែង ចំពោះយុវជន​ស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ និងក្រុមគ្រួសារ ដែលមានភាពក្លាហាន, ឆន្ទៈ​មោះមុត ជាពិសេស គឺស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី​ជា​ពល​រដ្ឋដែលស្រឡាញ់ និងស្ម័គ្រចិត្តបម្រើជាតិមាតុភូមិនៅគ្រប់កាលៈទេសៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ច​យោធា​នៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យ​ច្បាំង​​មិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តកាតព្វកិច្ចយោធាជាការលត់ដំមិនត្រឹមរូបរាងកាយ តែជាការលត់ដំផ្នែកស្មារតី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោយហ្វឹកហ្វឺនរយៈពេល៣ខែ យោធិនកាតព្វកិច្ច នឹងទៅរស់នៅតាមអង្គភាពនីមួយៗ ហើយជាពេលអនុវត្តការរស់នៅបែបជាយោធា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ ហើយនោះ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត វិន័យ និងរបៀបរស់នៅជាកងទ័ព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ទៅយោធិនកាតព្វកិច្ចថា ដើម្បីជោគជ័យ២៤ខែ ត្រូវផ្តើមពីការជោគជ័យកិច្ចការនីមួយៗ និងជោគជ័យពីមួយថ្ងៃ ទៅមួយថ្ងៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានឱកាសបប្រើជាតិមាតុភូមិ, ឱកាសហ្វឹកហ្វឺនជំនាញ និងបច្ចេកទេសផ្សេងៗរបស់កងទ័ព, ឱកាសអភិវឌ្ឍន៍ខ្លួន មានដូចជាវិន័យ និងភាពជាអ្នកដឹកនាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកាតព្វកិច្ចយោធាដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន ឱ្យយល់ច្បាស់អំពីគោលបំណង, សារៈសំខាន់, គុណតម្លៃ និង អត្ថប្រយោជន៍សម្រាប់យោធិនកាតព្វកិច្ចយោធា ព្រមទាំងត្រូវរៀបចំឱ្យមានវេទិកាពិភាក្សា ដើម្បីដោះស្រាយកង្វល់ និង ស្រាយបំភ្លឺនូវរាល់មន្ទិលសង្ស័យជាអវិជ្ជមាននានា។ ទន្ទឹមនេះ ត្រូវ​លើកកម្ពស់តួនាទីរបស់យុវជនដែលបាននិងកំពុងបំពេញកាតព្វកិច្ចយោធា ឱ្យក្លាយជាអ្នកអប់រំ និង ជាអ្នកផ្សព្វផ្សាយអំពី «តម្លៃសន្តិភាព» ជាពិសេសការលះបង់សាច់ស្រស់ ឈាមស្រស់ របស់​វីរកងទ័ពកម្ពុជា ក្នុងបុព្វហេតុទាមទារសុខសន្តិភាព និងការពារបូរណភាពទឹកដី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាពលទាហានដែលមានភារកិច្ចហ្វឹក​ហ្វឺន​យោធិន​កាតព្វកិច្ចយោធា ត្រូវខិតខំបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់​របស់​យោធិនកាតព្វកិច្ចយោធា ដោយត្រូវផ្តល់ភាពកក់ក្តៅក្នុងការរស់នៅ ហូបចុក និងបំពេញកិច្ចការ​ជាយុទ្ធមិត្តក្នុងគ្រួសារតែមួយ ព្រមទាំងរៀបចំឱ្យមានសកម្មភាពផ្សារភ្ជាប់មនោ​សញ្ចេតនាជិត​ស្និទ្ធ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងសមត្ថភាពយោធាចារ្យ និង គ្រូបង្វឹក, ព្រមទាំង កែលម្អកម្មវិធីបណ្តុះបណ្តាល, ខ្លឹមសារមេរៀន និង វិធីសាស្រ្តហ្វឹកហ្វឺន ដោយផ្តោត​លើ សមត្ថភាពបច្ចេកទេស រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យា, យុទ្ធវិធីការពារជាតិ, បំណិនជីវិត, សីលធម៌, វិន័យ និងមនសិការស្នេហាជាតិ របស់សិក្ខាកាមកាតព្វកិច្ចយោធាទាំងអស់។

* សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈគ្រប់គ្រងសាលា និងគ្រូបង្វឹក ត្រូវ​បំពេញភារកិច្ច ប្រកដោយ វិជ្ជាជីវៈ, យុត្តិធម៌, គំរូល្អ និង ការយកចិត្តទុក​ដាក់ខ្ពស់ចំពោះ​សិក្ខា​កាមកាតព្វកិច្ចយោធាគ្រប់រូប, ព្រមទាំងត្រូវធានាឱ្យបាននូវគុណ​ភាព និង សុវត្ថិភាព នៃការហ្វឹក​ហាត់ និងសុខភាព អនាម័យ និងសេចក្តីថ្លៃថ្នូររបស់សិក្ខាកាមទាំងអស់។ ទន្ទឹមនេះ ត្រូវស្រង់​យក​បទពិសោធល្អៗរបស់យុវជនដែលបានឆ្លងកាត់កាតព្វកិច្ចយោធា ដើម្បីធ្វើជាឧត្តមា​នុវត្តន៍​សម្រាប់យោធិនកាតព្វកិច្ចយោធាជំនាន់ក្រោយ ព្រមទាំងត្រូវលើកទឹកចិត្តឱ្យអតីត​យុវជនគំរូ​ទាំងនោះ ចូលរួមចែករំលែកបទពិសោធពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចយោធា និងគុណ​តម្លៃ នៃកាតព្វកិច្ចយោធាចំពោះ សន្តិភាព, សន្តិសុខ និង កិច្ចការពារជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំសិក្ខាកាមកាតព្វកិច្ចយោធាគ្រប់រូប ត្រូវគោរពវិន័យ បទបញ្ជា និង ក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវយល់ថា ការគោរពបាននូវលក្ខខណ្ឌ​ទាំង​នេះ ជាជោគជ័យនៃការធ្វើជាម្ចាស់លើខ្លួនឯង និងជាមូលដ្ឋានគ្រឹះសម្រាប់សម្រេច​គោលដៅ​ជីវិត ព្រមទាំងត្រូវថែរក្សាសាមគ្គី​ភាព និងមិត្តភាព ដោយត្រូវចេះជួយគ្នា លើកទឹកចិត្តគ្នា និង រួមគ្នាដោះស្រាយបញ្ហាដោយការយោគយល់បំផុត។ ទន្ទឹមនេះ ត្រូវប្រឹងប្រែងរៀនសូត្រ និង ហ្វឹកហាត់ដោយយកចិត្តទុកដាក់ ដើម្បីយកចំណេះដឹង និង បទពិសោធពីការហ្វឹកហាត់នេះ ទៅបម្រើសហគមន៍របស់ប្អូនៗ និង សង្គមជាតិរបស់យើងទាំងអស់គ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់យោធិនកាតព្វកិច្ចគ្នាត្រូវចូលរួមពង្រឹងវប្បធម៌​សន្តិភាព, សាមគ្គីភាព និងការគោរពច្បាប់។ ការការពារជាតិពិតប្រាកដ គឺចាប់ផ្តើមពីការរួបរួមគ្នា​របស់ប្រជាជន, ការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួន និងការត្រៀមខ្លួនចូលរួមបម្រើជាតិ នៅពេលជាតិត្រូវការ ស្របតាមពាក្យស្លោក «សន្តិភាពត្រូវការ ការការពារ និង ការពង្រឹងសមត្ថភាពខ្លួនឯង»៕

 

You might also like