រថយន្តមួយគ្រឿង បើកបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកោះនរា

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រូវរថយន្ត Ford Ranger មួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតឆ្លងគន្លងផ្លូវទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង រួចកិនអូសទៅមុខជាច្រើនម៉ែត្រ កាលពី យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AJ-1857 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2C-7499 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឆ្លងគន្លងផ្លូវទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង រួចកិនពីលើ និងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីនាំទៅសាកសួរ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

You might also like