កម្ពុជា សាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និងជំរុញការប្រើប្រាស់ថាមពលស្អាត
ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ប្រវែងប្រមាណ ១២០គីឡូម៉ែត្រ តភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមក្របខណ្ឌឥណទានប្រមាណ ១៨៣លានដុល្លារអាម៉េរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការបញ្ជូនថាមពលស្អាតពីខេត្តពោធិ៍សាត់ចូលក្នុងបណ្តាញអគ្គិសនីជាតិ ក្នុងគោលបំណងពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី និងគាំទ្រដល់ការពង្រីកវិស័យឧស្សាហកម្ម កសិកម្ម និងការវិនិយោគនៅកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសនូវការសាងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល តភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមក្របខណ្ឌឥណទាន ១៨៣ លានដុល្លារអាម៉េរិក រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយអគ្គិសនីកម្ពុជា (EDC)។ គម្រោងនេះ ត្រូវសាងសង់ខ្សែបញ្ជូនអគ្គិសនីប្រមាណ ១២០ គីឡូម៉ែត្រ ព្រមទាំង ការសាងសង់អនុស្ថានីយថ្មីចំនួន ២ និងការប្រើប្រាស់ថវិកាបន្ថែម ដើម្បីពង្រីកអនុស្ថានីយដែលមានស្រាប់ចំនួន ២កន្លែងទៀត ដើម្បីឱ្យមានសមត្ថភាពកាន់ធំឡើង។
ឯកឧត្តម បានបញ្ជាក់ថា គោលដៅការសាងសង់នេះ ដើម្បីភ្ជាប់ការយកថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលស្អាត ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលមកបណ្តាញជាតិ ដើម្បីចែកចាយថាមពលអគ្គិសនីនៅទូទាំងប្រទេស។ ជាពិសេស ការទាញយកថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ មានអានុភាពជាង ១ ១០០ មេហ្គាវ៉ាត់ ពីគម្រោងស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ លើសពីនេះ ការសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយនេះ គឺសំដៅទៅលើការពង្រឹងស្ថិរភាពបណ្តាញជាតិ ស្របពេល ប្រព័ន្ធបណ្តាញជាតិ កំពុងតែធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យការដាច់ភ្លើងនៅតំបន់សេដ្ឋកិច្ច, តំបន់ឧស្សាហកម្ម, តំបន់កសិកម្ម, និងលំនៅឋានរបស់ប្រជាពលរដ្ឋ មានការដាច់ភ្លើងកាន់តែតិចទៅៗនាពេលអនាគត។
ឯកឧត្តមបន្ថែមទៀតថា ទន្ទឹមនឹងនេះ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនេះ នឹងជំរុញឱ្យមានសេដ្ឋកិច្ចថ្មី តាមរយៈការបង្កើតការងារបន្ថែម និងការវិនិយោគនៅតាមបណ្តាខេត្តទាំងបីនេះ។ ជាពិសេស ការពង្រីកថាមពលសម្រាប់ស្រុកកំពង់ត្រឡាចបន្ថែម នៅក្នុងក្របខណ្ឌនៃគម្រោងនេះ នឹងធ្វើឱ្យបណ្តារោងចក្រសហគ្រាស អាចរីកបន្ថែមទៀត ដែលអាចបង្កើតការងារថ្មីកើនពី ៧ម៉ឺននាក់ នាពេលបច្ចុប្បន្ន ទៅដល់ជាង ១០ម៉ឺននាក់ នាពេលអនាគត។ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន គម្រោងនេះក៏មានការសាងសង់ផ្លូវកៅស៊ូមួយខ្សែប្រវែងជិត ១,៥គីឡូម៉ែត្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា៖ « ជាគោលដៅសំខាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកំពុងតែបង្កើតឱកាសការងារថ្មីៗទៀត ដើម្បីឱ្យយុវជនមានការងារធ្វើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីស្រុកកំណើត ដែលជាការលំបាករបស់ក្រុមគ្រួសារ»។
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានគាំទ្រ និងជួយសម្របសម្រួល ដើម្បីធ្វើឱ្យគម្រោងនេះអាចដំណើរការបានដោយរលូន ហើយក៏បានអំពាវនាវឱ្យមានការគាំទ្រជាបន្តទៀត ដើម្បីឱ្យគម្រោងនេះ អាចឈានទៅបញ្ចប់ ១០០% និងផ្តល់ផ្លែផ្កាថ្មីៗ ជូនជាតិទាំងមូល។
សូមជម្រាបថា រោងចក្រផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ មានអានុភាពជាង ១ ១០០ មេហ្គាវ៉ាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺមានគោលដៅដើម្បីជំរុញឱ្យកម្ពុជាអាចទទួលបាននូវថាមពលស្អាត រហូតយ៉ាងតិច ៧០% នៅក្នុងឆ្នាំ ២០៣០ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ អគ្គិសនី មានប្រមាណ ៦៣% ចេញមកពីថាមពលស្អាត ដែលមានវារីអគ្គិសនី, ថាមពលពន្លឺព្រះអាទិត្យ, និងថាមពលដើរដោយជីវម៉ាស ជាដើម៕






