ឯកឧត្តម ឃួង ស្រេង ៖ ឱកាសបណ្តុះបណ្តាល ធនធានមនុស្សនឹងគ្មានទេ បើប្រទេសជាតិមានសង្គ្រាម
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្ស នឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម។
ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញស្វាគមន៍ក្រុមនិស្សិត នៃមហាវិទ្យល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ២០០នាក់ ដែលដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ដែលមកសិក្សាស្វែងយល់ពីការងារ នៅរដ្ឋបាលរាជធានីភ្នំពេញ ដែលជាផ្នែកមួយ នៃការបង្កើនចំណេះដឹង នៃការអនុវត្តជាក់ស្តែងក្រៅសាលា។
ក្នុងនោះឯកឧត្តម ឃួង ស្រេង បានថ្លែងថា ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេ បើប្រទេសជាតិមានសង្គ្រាម ។ ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅ មិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាក ដែលសម្តេចអគ្គតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព សម្រាប់កម្ពុជា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជា អភិវឌ្ឍន៏លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការពារជាតិ បូរណៈភាពទឹកដី ពីសត្រូវឈ្លានពាន។
បន្ថែមលើនេះ ឯកឧត្តម អភិបាល បានលើកឡើងថា ប្រទេសជាតិរីកចម្រើន គឺជាប្រទេសដែលមានធនធានមនុស្សច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ ស្របតាមឆន្ទៈដ៏មុតស្រួច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសឹក្សា នៅបរទេសជាច្រើននាក់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕



