លោក ឃួង ស្រេង ណែនាំឲ្យយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ការទទួលពលករដែលត្រឡប់ពីថៃ
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ, មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ច ការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ លោក៏បានណែនាំឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពាក់ព័ន្ធការទទួលបងប្អូនពលករ ដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនឹងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។
ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងមន្ទីរចំណុះឲ្យរដ្ឋបាល រាជធានីភ្នំពេញទាំងអស់។
លោក ឃួង ស្រេង បានលើកឡើងទៀតថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ»។
ពាក់ព័ន្ធនឹងការងារខាងលើនេះ លោក ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឯកោនោះទេ៕