សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានពលីជីវិតលើសមរភូមិក្នុងពេលបំពេញបេសកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន
ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពវរសេនីយ៍ត្រី ប៊ូ ផូ ជាយោធិន នៃកងពលតូចអន្តរគមន៍លេខ៨ កងពលធំអន្តរគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតលើសមរភូមិក្នុងពេលបំពេញបេសកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយពរំដែន ។
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ច សក្ខណធ៌ម យ៉ាងជ្រាលជ្រៅការបាត់បង់លោកវរសេនីយ៍ត្រី ប៊ូ ផូ គឺជាការបាត់បង់នូវស្វាមីដែលប្រកបដោយសង្គហធ៌មដ៏ឧត្តុង្គឧត្តមចំពោះភរិយានិងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធ៌មចំពោះកូនៗហើយក៏ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធមួយរូប ដែលបានលៈបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង ។
«មរណភាពក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ របស់លោកវរសេនីយ៍ត្រី ប៊ូ ផូ គឺជាការបាត់បង់វីរយុទ្ធជន ដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តមោះមុតក្នុងសមរភូមិ ប្រយុទ្ធស៊ូប្តូរជីវិត តាមពាក្យស្លោក ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សម្តេចប្រធានក៏បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារសម្រាប់ចូលបុណ្យសព រួមមាន អង្ករ ១០០ គីឡូក្រាម មីកញ្ចប់ ១០កេស ត្រីខ ៥យួរ ទឹកក្រូច ១០កេស ព្រមទាំងថវិកាចំនួន ២០លានរៀល។
ពិធីបុណ្យសពប្រព្រឹត្តធ្វើនៅផ្ទះ(ឪពុកបង្កើតរបស់ សព )នៅភូមិវាលតូច ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ ៕









