ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់សំណង់ស្ទាក់ទឹក គម្រោងជួសជុលទំនប់ និងគម្រោងស្តារប្រឡាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹក គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងគម្រោងស្តារប្រឡាយ ស្ថិតក្នុងខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងការអនុវត្តគម្រោងនៅតាមទីតាំងចំនួនបីគឺ៖
ទី១) គម្រោងជួសជុលទំនប់អាងទឹកអ្នកតាធំ ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ដែលការងាររួមមាន៖ ជួសជុលទំនប់ប្រវែង ១៥០០ម៉ែត្រ សាងសង់សំណង់ទ្វារទឹក (ទ្វារ៤) ចំនួន ១កន្លែង សាងសង់សំណង់បង្ហៀរប្រវែង ៩០ម៉ែត្រ ចំនួន១កន្លែង និងសំណង់លូជ្រុងចំនួន ១កន្លែង លទ្ធផលសម្រេចបានប្រមាណ ៧៥%។
ទី២)គម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែតចំនួន១កន្លែង នៅលើដងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ដែលមានបណ្តោយសំណង់បេតុងប្រវែង ៤៣,៥ម៉ែត្រ ទទឹងប្រវែង ៦៣,៧៥ម៉ែត្រ មានទ្វារទឹកធំចំនួន ៧ទ្វារ និងទ្វារទឹកតូចចំនួន ៣ទ្វារ លទ្ធផលការងារសម្រេចបានប្រមាណ៩៥%។
ទី៣) គម្រោងស្តារអូរយាយហុក ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ដែលការងាររួមមាន៖ ស្តារប្រឡាយចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន១៥កន្លែង លទ្ធផលសម្រេចបានប្រមាណ ៩៥%។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលនេះ និងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោង ពិសេសមន្ត្រីបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសហការជាមួយមន្ទីរ អាជ្ញាធរភូមិឃុំ ព្រមទាំងកសិករទទួលផលពីគម្រោងឱ្យចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធទាំងនេះប្រកបដោយនិរន្តរភាព ដើម្បីប្រើប្រាស់បានយូរអង្វែង៕

You might also like