សម្ដេចតេជោ ៖ អង្គុយរាប់រយម៉ោងចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អ ហើយទោះមកតារាងកូនគោល តែនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយ ពិសេសខាងកងទ័ពនៅព្រំដែន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា សម្ដេចអង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អ ហើយទោះមកតារាងកូនគោលតែសម្ដេចនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។
តាមរយៈបណ្ដាញសង្គមនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា « ជាមួយ STARBUCKS (0%) ជំនួសឲ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។ តាំងពីមានសភាពការនៅព្រំដែនមកចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវ ព្រឹក១កែវ ល្ងាច១កែវ ដែលស្ករ០%។ ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។»
សម្ដេចតេជោបញ្ជាក់ថា «អង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អទាំង Driver wood lrons ហើយទោះមកតារាងកូនគោលតែខ្ញុំនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។ រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់។»



