កម្ពុជា ចាត់ទុកផែនការថៃ ចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ គឺជាការប៉ុនប៉ងឈ្លានពានកម្ពុជា គិតទុកជាមុន និងមិនគោរពបទឈប់បាញ់

ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា ការដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះ គឺបានបង្ហាញភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ហើយកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយជំរុញឲ្យភា គីថៃគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញកាលពី យប់រំលងអាទ្រាធថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ ថ្ងៃទៀតដោយ«ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន»។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថាទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
ក្រសួងការពារជាតិកម្ពុជា ក៏សូមគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជាក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលថៃបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយកម្ពុជាស្នើទៅភាគីថៃគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនកម្ពុជា និងថៃចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើមនោះ៕

You might also like