មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបលើកដំបូង ត្រូវបានសម្ពោធជាផ្លូវការ នៅខេត្តមណ្ឌលគិរី!!!

ខេត្តមណ្ឌលគិរី ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គីម វ៉ុនជីប លេខាទី១ តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោកស្រី យូ យុងស៊ុក តំណាង ក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ លោក Kim Woosang អនុប្រធានក្រុមហ៊ុន Korea Rural Community Corporation ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលរងមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សិស្ស-និស្សិត និងប្រជាពលរដ្ឋប្រមាណ ២០០នាក់ ដែលប្រព្រឹត្តទៅនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ការបើកសម្ពោធមជ្ឈមណ្ឌលនេះ ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការអភិវឌ្ឍកសិកម្ម និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម បន្ថែមថា ការបើកដំណើរការនេះ គឺជាចំណុចចាប់ផ្តើមសំខាន់សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទ ដោយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករ ក្នុងគោលបំណងសំខាន់ គឺកាត់បន្ថយការចាកចេញទៅធ្វើការក្រៅប្រទេស និងកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកទី៧ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មឆ្នាំ២០២៤–២០២៨។ ឯកឧត្តម បន្តថា មជ្ឈមណ្ឌលនេះ នឹងជាកន្លែងសំខាន់សម្រាប់ផ្ទេរចំណេះដឹង និងជំនាញអនុវត្តទៅកាន់មន្ត្រីរដ្ឋបាល សិស្ស និងកសិករ ដើម្បីឱ្យពួកគេចេះដោះស្រាយបញ្ហាក្នុងតំបន់បានប្រសើរឡើង។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមជ្ឈមណ្ឌលនេះ។ លោក បានលើកឡើងថា ប្រជាពលរដ្ឋជាង៨០% នៅខេត្តមណ្ឌលគិរី ជាជនជាតិភាគតិច ដែលការរស់នៅពឹងផ្អែកលើកសិកម្មទាំងស្រុង ប៉ុន្តែបច្ចេកវិទ្យាកសិកម្មទំនើប មិនទាន់បាននាំចូលមកទេ។ លោក បន្ថែមថា ការបង្កើតមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបនេះ ដើម្បីបំពេញតាមតម្រូវការបន្ទាន់របស់កសិករ និងអាជ្ញាធរនាំខេត្ត ដោយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង និងឯកទេស ដើម្បីជួយដោះស្រាយបញ្ហារបស់កសិករ និងរួមចំណែកអភិវឌ្ឍខេត្តមណ្ឌលគិរី។ លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម អាហារ និងកិច្ចការកសិកម្មជនបទសាធារណរដ្ឋកូរ៉េ និងស្ថានទូតកូរ៉េ ចំពោះការគាំទ្រ និងចំណូលរួមក្នុងការបង្កើតស្នាដៃមានតម្លៃនេះ។

លោកស្រី យូ យុងស៊ុក តំណាងក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា គម្រោងនេះបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការផលិតពូជដំឡូងបារាំង បណ្តុះបណ្តាលកសិករដាំបន្លែឆ្នើម និងបង្កើតប្រព័ន្ធឯករាជ្យប្រកបដោយស្ថិរភាព។ លោកស្រី សង្ឃឹមថា សេវាស្ថាបត្យកម្មទាំងនេះនឹងត្រូវដំណើរការយ៉ាងល្អ និងថែទាំបានល្អបន្ទាប់ពីគម្រោងបញ្ចប់ ហើយកូរ៉េនឹងបន្តសហការជាក់ស្តែងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។

លោក Kim Woosang អនុប្រធានក្រុមហ៊ុន Korea Rural Community Corporation បានឲ្យដឹងថា មណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការផលិតបន្លែមានតម្លៃខ្ពស់ និងការបង្កើតខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយចីរភាព។ លោក បានសង្កត់ថា ចន្លោះពេល ៥ ឆ្នាំចុងក្រោយកូរ៉េ និងកម្ពុជា បានសហការគ្នាដើម្បីបញ្ចប់ការសាងសង់ស្ថាបត្យកម្មកសិកម្មទំនើប ដូចជា មន្ទីរពិសោធន៍ពូជដំឡូងបារាំង និងផ្ទះកញ្ចក់ប្រព័ន្ធធ្វើដំណាំក្នុងទឹក (hydroponics) ព្រមទាំងផ្ដល់ម៉ាស៊ីនកសិកម្ម និងឧបករណ៍ផ្សេងៗ បញ្ជូនអ្នកជំនាញ រៀបចំកម្មវិធីបណ្តុះបណ្តាល និងដំណើរការកសិដ្ឋានសាកល្បង ដើម្បីជំរុញការលូតលាស់កសិកម្មក្នុងតំបន់។ លោក បន្ថែមថា ការសម្រេចបាននូវជោគជ័យទាំងនេះ ព្រោះមានការចូលរួមសកម្មពីប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាន និងការជឿទុកចិត្ត និងសហការរវាងប្រទេសទាំងពីរ។ លោក ក៏សង្ឃឹមថា មណ្ឌលនេះនឹងក្លាយជាវេទិកាកសិកម្មបើកចំហ និងនាំឱ្យខេត្តមណ្ឌលគិរីក្លាយជាគន្លឹះកសិកម្មលើដីខ្ពស់ប្រកបដោយចីរភាព៕

You might also like