ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលទៅកានទីផ្សារ ជំរុញសេដ្ឋកិច្ចជាតិ
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ។
បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
បើតាមក្រសួងសាធារណការ ស្ពាននេះមានប្រវែង ១ ១៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕



