ក្រុមចោរឆក់កាបូបដកកាំភ្លើងបាញ់គំរាមជនរងគ្រោះ តែបក្ខពួកម្នាក់ត្រូវអ្នកដំណើរជិះម៉ូតូបុកដួលសន្លប់ នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្តាល÷ហេតុការណ៍តក់ស្លុតមួយបានកើតឡើងនៅស្រុកកណ្ដាលស្ទឹង ខណៈដែលក្រុមចោរឆក់កាបូបមួយក្រុមដកកាំភ្លើងបាញ់គំរាមទៅលើជនរង គ្រោះ។ តែជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកទាំងនោះ ត្រូវអ្នក ដំណើរម្នាក់ជិះម៉ូតូបុកដួលសន្លប់នៅនឹងកន្លែងកើត ហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពៅ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំបានហៅ PassApp ១គ្រឿងមកយកខ្លួននៅមុខហាង KTV មួយកន្លែង ដើម្បីត្រឡប់ទៅផ្ទះវិញ។ ពេលនោះ ជនរងគ្រោះឈ្មោះ ខុន ស្រីនិចភេទស្រីអាយុ២២ឆ្នាំ និងនារីម្នាក់ទៀតមិនស្គាល់ឈ្មោះក៏បានជិះ PassApp ទៅជាមួយដែរ ដោយមានអ្នកបើក PassApp ឈ្មោះ ម៉ៅ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ។ ក្រោយពីជូននារីមិនស្គាល់ឈ្មោះចុះរួច ជនរងគ្រោះទាំងបីនាក់ក៏បានធ្វើ ដំណើរតាមPassApp ផ្លូវជាតិលេខ២ ពីត្បូងទៅជើង។
ប្រភពដដែលបានបន្តថា ពេលជិះទៅដល់ចំណុចកើត ហេតុ ក្រុមជនសង្ស័យមានគ្នាចំនួន ៤នាក់ ក៏បានធ្វើ សកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ពៅ ស្រីលីន។ ខណៈពេលនោះ ជនរងគ្រោះបានទាញកាបូបទៅវិញទៅមកជាមួយជនសង្ស័យបណ្តាលឲ្យកាបូបជ្រុះដល់ដី។ អ្នកបើក PassApp បានបកត្រឡប់ក្រោយដើម្បីរើសកាបូបនោះវិញ ស្រាប់តែបក្ខពួកជនសង្ស័យបានដកកាំភ្លើងបាញ់គំរាមមកលើជនរងគ្រោះ រួចក៏ចុះរើសកាបូបជិះគេចខ្លួនបាត់។ ជនសង្ស័យឈ្មោះ សាន វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលកាន់កាំភ្លើងបាញ់មកលើជនរងគ្រោះនោះ ត្រូវបានអ្នកដំណើរម្នាក់ជិះម៉ូតូបុកដួលសន្លប់នៅកន្លែងកើតហេតុ។ ពេលនោះ កាំភ្លើងបានខ្ទាតចេញពីដៃខ្ទាតទៅឆ្ងាយប្រមាណ ១៥ម៉ែត្រ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន វាសនា ព្រមទាំងដកហូតបានវត្ថុតាងមានកាំភ្លើងខ្លីម៉ាក AK SAARMS AK21 ១ដើម, បង់ ១, គ្រាប់ ៥គ្រាប់ និងកាបូបក្រវ៉ាត់ចង្កេះមួយ។ ជនសង្ស័យរូបនេះមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ សម្ភារៈដែលបាត់បង់មានកាបូប ១, ទូរស័ព្ទដៃ iPhone 15 ១គ្រឿង និងលុយ ១០០.០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យដែលត្រូវឃាត់ខ្លួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាក សួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកបក្ខពួករបស់គេឈ្មោះ ភា ភេទប្រុសអាយុ ៣៦ឆ្នាំឈ្មោះ សៃ ស៊ីភុន ភេទប្រុសអាយុ ២២ឆ្នាំ) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕

You might also like